រដ្ឋមន្រ្តីសុខាភិបាល ៖ ការពង្រឹងភាព ជាអ្នកដឹកនាំ នឹងនាំទៅដល់ការធានា ភាពធន់ប្រព័ន្ធសុខាភិបាល
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការពង្រឹងភាពជាអ្នកដឹកនាំ នឹងនាំទៅដល់ការធានាបាននូវភាពធន់របស់ប្រព័ន្ធសុខាភិបាល នៅចំពោះមុខការប្រឈម នាពេលខាងមុខ។

ការមានប្រសាសន៍បែបនេះ របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានធ្វើឡើង ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួង តាមប្រព័ន្ធវីដេអូសន្និសីទ(Zoom)សរុបចំនួន ៣៣៤៨នាក់ នៅថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្នុងកិច្ចប្រជុំ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកបទ ពិសោធន៍ជាក់ស្តែង នៃការដឹកនាំដែលធ្វើឱ្យការងារ សុខាភិបាលមានប្រសិទ្ធភាពដូចជា ៖ គោលដៅចុងក្រោយ បង្អស់របស់ការដឹកនាំ គឺមិនមែនសម្រាប់ បម្រើផលប្រយោជន៍បុគ្គលទេ តែជាការកសាងមូលដ្ឋានគ្រឹះសម្រាប់សង្គមទាំងមូល អាចទទួលបាននូវភាពរីកចម្រើន ។ នៅក្នុងដំណើរនៃការដឹកនាំ អ្នកដឹកនាំ ត្រូវតែមានគុណភាព ប្រកបដោយភាពរស់រវើក និងមិនបណ្តែតបណ្តោយ ដោយមិនខ្វល់ខ្វាយពីគោលដៅ ។

លោកបន្តថា ការពង្រឹងភាព ជាអ្នកដឹកនាំអាច ជួយឱ្យប្រព័ន្ធសុខាភិបាល កាន់តែមានភាពធន់ ដែលអាចឆ្លើយតបទៅ នឹងវិបត្តិផ្សេងៗដែលអាចកើតមាន ។ ក្នុងនោះអ្នកដឹកនាំត្រូវប្រើប្រាស់ភាពវាងវៃ របស់ខ្លួនគិតគូរពីយុទ្ធសាស្រ្ត ប្រមើលមើលពីបញ្ហាប្រឈម និងប្រយ័ត្នប្រយែងក្នុងការងារប្រចាំថ្ងៃ ។ ជាមួយគ្នានេះ អ្នកដឹកនាំត្រូវធ្វើការដឹកនាំ ដែលចេញពីភាពជាក់ស្តែង ដោយធ្វើការនៅលើទីលានផ្ទាល់ និងត្រូវធ្វើការដោយភាពស្មោះត្រង់ ជាមួយនឹងសុខភាពប្រជាជន៕





