ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ចាត់វិធានការ ក្រុមហ៊ុនផលិត ដំណាប់ស្វាយមួយកន្លែង ក្នុងស្រុកស្ទោង បន្ទាប់ពីបញ្ចេញសំណល់ រាវប៉ះពាល់ដល់បរិស្ថាន

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុន JIAGUO AGRICULTURAL TECHNOLOGY (CAMBODIA) CO., LTD. មានទីតាំងស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីបានរកឃើញ មានការបញ្ចេញសំណល់ រាវប៉ះពាល់ដល់បរិស្ថាន បានដំណើរការ ដោយគ្មានលិខិតបទដ្ឋានគតិយុត្តិ និងមិនបានបំពាក់ឧបករណ៍ សម្អាតបរិស្ថាន ឱ្យបានត្រឹមត្រូវតាមស្តង់ដារ បច្ចេកទេសបរិស្ថាន។

ក្រសួងបរិស្ថាន បានតម្រូវឱ្យផ្អាក ផលិតកម្មជាបណ្តោះអាសន្ន ដើម្បីធ្វើការសម្អាតសំណល់រាវ និងទប់ស្កាត់ការបំពុល បរិសា្ថន ។ ក្រុមហ៊ុនត្រូវអនុវត្តច្បាប់ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៥៦ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨។

ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុន ដូចជា៖
១. បញ្ឈប់ការបញ្ចេញសំណល់រាវកខ្វក់ជាបន្ទាន់ទោះរូបភាពណាក៏ដោយ។
២. ត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
៣. ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង។
៤. ត្រូវកែសម្រួលប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអនុលោមតាមស្ដង់ដា។
៥. ក្រុមហ៊ុនត្រូវផ្ដល់សំណងការខូចខាតបរិស្ថាន តាមការគណនាជាក់ស្ដែង។
៦. ត្រូវទុកដាក់សំណល់សំបក និងគ្រាប់ស្វាយឱ្យបានត្រឹមត្រូវ និងហាមដាច់ខាតដុតសំណល់គ្រប់ប្រភេទ។

សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានក្រសួងបរិស្ថាន ដឹកនាំដោយ លោក ជោ ថុល អនុប្រធាននាយកដ្ឋាន និងមានការចូលរួមពីមន្រ្តីមន្ទីរបរិស្ថានខេត្តកំពង់ធំ លោកអភិបាលរងស្រុកស្ទោង តំណាងឃុំកំពង់ចិនជើង និងលោកមេភូមិត្រាច បានធ្វើការចុះត្រួតពិនិត្យ ការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុនខាងលើ។ ក្រុមការងារ បានរកឃើញ ក្រុមហ៊ុនបានបញ្ចេញផ្សែងចេញពី បំពង់ផ្សែងឡចំហាយ ដោយលទ្ធផលទទួលបាន CO=3237ppm NOx=4771ppm SO2=1232ppm លើសកម្រិតកំណត់ស្ដង់ដា៕

To Top