ក្រសួងទេសចរណ៍កម្ពុជា-គុយបា ឯកភាព ចុះអនុស្សារណៈ យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍គុយបា បានឯកភាពគ្នា ក្នុងការចុះអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ។

ការឯកភាពគ្នានេះ ធ្វើឡើងក្នុងឱកាសដែលលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យលោក Adalberto Venero Lemus អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃសាធារណរដ្ឋគុយបា អមដំណើរដោយ
ស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-គុយបា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារ រយៈពេល២ថ្ងៃនៅកម្ពុជា។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី ហួត ហាក់ លើកឡើង អំពីទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងគុយបាតាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល៦៦ឆ្នាំ។ ហើយទំនាក់ទំនងមិត្តភាពនេះ ត្រូវបានពង្រឹងពង្រីកពូនជ្រុំ ដោយថ្នាក់ដឹកនាំកំពូល របស់ប្រទេសទាំងពីរ ជាបន្តបន្ទាប់ ដែលជាមូលដ្ឋាន គ្រឹះសម្រាប់ពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការ លើគ្រប់វិស័យ ពិសេសលើវិស័យទេសចរណ៍ ដែលប្រទេសទំាងពីរ សុទ្ធតែមានសក្តានុពល ទេសចរណ៍ដ៏សម្បូរបែប និងភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ របស់ប្រជាជននៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ អនុរដ្ឋមន្រ្តី ទេសចរណ៍គុយបា បង្ហាញពីចំណាប់អារម្មណ៍ លើការអភិវឌ្ឍលើគ្រប់វិស័យ នៃប្រទេសកម្ពុជា ក្នុងកំឡុងពេលទស្សនកិច្ចការងាររយៈពេល២ថ្ងៃកន្លងមក និងថ្លែងអំណរគុណ ដល់ក្រសួងទេសចរណ៍កម្ពុជា ដែលបានជួយសម្របសម្រួល ឱ្យមានជំនួបជាមួយសមាគមទេសចរណ៍កម្ពុជា ធំៗ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍គុយបា។

ជាមួយគ្នានេះ លោកអនុរដ្ឋមន្រ្តីគុយបា ក៏បានជម្រាប ជូនពីគោលបំណងចម្បងៗ នៃទស្សនកិច្ចការងារ នៅកម្ពុជា នាពេលនេះ រួមមានសំណើចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ដែលគ្រោងនឹងធ្វើឡើង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ នៃប្រទេសគុយបានាពេលខាងមុខ និងការរៀបចំ FAM Trip ទៅវិញមករវាងប្រទេសទាំងពីរ ដើម្បីសហការជម្រុញវិស័យ ទេសចរណ៍ ពិពិធកម្មសេដ្ឋកិច្ច និងទីផ្សារទេសចរណ៍ ស្របពេលដែលការធ្វើដំណើរទៅមក រវាងប្រទេសទាំងពីរ មានភាពងាយស្រួលតាមរយៈជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) ពីរាជធានីភ្នំពេញ និងរដ្ឋធានីឡាហាវ៉ាណា ដោយឆ្លងកាត់តាមទីក្រុងអ៊ីស្តាន់ប៊ុល នៃសាធារណរដ្ឋតួកគីយ៉េ៕




