ព័ត៌មានជាតិ

អាជ្ញាធរមីន ៖ ការកាត់បន្ថយគ្រោះថ្នាក់ និងកម្ពស់ជីវភាពរស់នៅ ប្រជាពលរដ្ឋកម្ពុជា គឺជាគម្រោងអាទិភាពរបស់ចិន តាមរយៈគាំទ្រវិស័យ សកម្មភាពមីនមនុស្សធម៌

ភ្នំពេញ ៖ អាជ្ញាធរមីន បានឱ្យដឹងថា ការកាត់បន្ថយគ្រោះថ្នាក់ និងកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាគម្រោងអាទិភាពរបស់ប្រទេសចិន តាមរយៈការគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងបែបនេះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅនិវេសនដ្ឋានស្ថានទូតចិនប្រចាំកម្ពុជា នាឱកាសអញ្ជើញដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងចូលមកដល់នាពេលខាងមុខ។

លោកបណ្ឌិត លី ធុជ បានលើកឡើង អំពីសមិទ្ធផលសម្រេចបានក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ ជូនចំពោះរដ្ឋាភិបាលនិងប្រជាជនចិន បាននឹងកំពុងផ្តល់នូវការគាំទ្រការបោសសម្អាតមីន ជំនាញបច្ចេកទេស ការអភិវឌ្ឍសមត្ថភាព អប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងកិច្ចសង្រ្គោះជនរងគ្រោះ ក៏ដូចការគាំទ្រដល់ការអនុវត្តគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» ផងដែរ។

លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានថ្លែង អំណរគុណ ដល់ប្រទេសចិន បានផ្តល់ជំនួយបន្ទាន់គាំទ្រ ការបោសសម្អាតយុទ្ធភណ្ឌគ្រឿង ផ្ទុះបន្សល់ទុកក្នុងជម្លោះកម្ពុជា-ថៃ និងជំនួយមនុស្សធម៌សម្រាប់ជួយដល់ប្រជាពលរដ្ឋភៀសសឹក។

ជាមួយគ្នានោះ លោកបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះរួមចំណែករបស់ប្រទេសចិនក្នុងវិស័យសកម្មភាពមីន ពិតជាបានឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាជននៅតាមមូលដ្ឋាន និងកាត់បន្ថយគ្រោះថ្នាក់ ព្រមទាំងបានស្នើសុំឱ្យប្រទេសចិនបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោក Wang Wenbin បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រដ្ឋាភិបាលចិន ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដោយបានចាត់ទុកវិស័យសកម្មភាពមីន ជាវិស័យអាទិភាពសំខាន់នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជួយសង្រ្គោះដល់អាយុជីវិត និងលើកកម្ពស់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ លោកអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងស្ថានទូតចិន ហើយគ្រោងនឹងរៀបចំដំណើរទស្សនកិច្ចរួមគ្នាសម្រាប់ចុះពិនិត្យសកម្មភាពបោសសម្អាតមីន ក្រោមគម្រោងគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ២០២៦៕

To Top