ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំថា បើចង់លុបបំបាត់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងរាជធានីភ្នំពេញ កងកម្លាំងទាំងអស់ ចំណុះឱ្យគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបោសសម្អាតមេ SCAMER ឱ្យអស់ពីក្នុងមូលដ្ឋាន។

ការណែនាំរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ស្តីពីត្រួតពិនិត្យវឌ្ឍនភាពការងារ បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះលោក ឃួង ស្រេង បានលើកថា ដើម្បីឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) អស់ពីក្នុងមូលដ្ឋាន ដាច់ខាត់យើងត្រូវសម្អាតមេSCAMER ឱ្យអស់។ បើមិនអស់ទេ វានិងកើតកូន កើតចៅបន្តមកទៀត។

បន្ថែមលើនេះ លោកអភិបាល បានឱ្យអភិបាលខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យ ជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការត្រៀមកម្លាំងសហការ តាមដានសភាពការណ៍ជាក់ស្តែង។ ការងារនេះត្រូវតែ ម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ព្រោះនេះ ជាយុទ្ធនាការបោសសម្អាតបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅរាជធានីភ្នំពេញ ឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៦ខាងមុខនេះ។


លោកអភិបាលរាជធានីបាន បញ្ជាក់ច្បាស់ថា ពេលនេះជាយុទ្ធនាការសម្អាតបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាយុទ្ធនាការក្តៅ ដែលទាមទារឱ្យលុបបំបាត់ឱ្យអស់ ក្លាយជាតំបន់ពណ៌ ស។ ប៉ុន្តែមិនមែន មានន័យថា បោះចោលការងារផ្សេង មកធ្វើតែរឿង នេះមួយនោះទេ ដូចនេះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ត្រូវពង្រឹងដែរ មិនត្រូវធ្វេសប្រហែសដាច់ខាត ។ ក្នុងនាមអាជ្ញាធរត្រូវអនុវត្តការងារទាំងពីរខាងលើនេះ ឱ្យបានល្អព្រមៗគ្នា ដើម្បីជាជំនឿ ទុកចិត្តពីប្រជាពលរដ្ឋ។


លោម ឃួង ស្រេង បានគូសបញ្ជាក់ថា ជាទិសដៅបន្តរបស់ខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវកំណត់ទីតាំងដែលសង្ស័យ ឱ្យដូចភ្លៀងរលឹម ជាមួយនិងការប្រើប្រាស់ជំនាញផ្ទាល់ខ្លួន ឱ្យអស់លទ្ធភាព និងជឿជាក់ថា នៅមូលដ្ឋានរបស់ខ្លួន គ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សេសសល់ដាច់ខាត នៅក្រោយថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៦ខាងមុខ៕
