ព័ត៌មានជាតិ

ជនភៀសសឹក កំពុងបន្តស្នាក់នៅ មណ្ឌលសុវត្ថិភាព ត្រូវបានទទួលការចាប់ អារម្មណ៍ខ្លាំង ពីបណ្តាអង្គទូត

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ប្រជាពលរដ្ឋភៀសសឹកកំពុងបន្តស្នាក់នៅ ក្នុងមណ្ឌលសុវត្ថិភាព មិនទាន់អាចវិល ត្រឡប់ទៅផ្ទះសម្បែងវិញបាន ដោយសារយោធាថៃព័ទ្ធរបងលួស ឬទូរកុងតឺន័រ ដើម្បីរារាំងឃាំងដំណើរ របស់ពួកគេនោះ មិនត្រឹមតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអង្គទូត អង្គការអន្តរជាតិ និងបណ្តាញសារព័ត៌មានបរទេសនានាដែលបាននាំគ្នាចុះទៅជួបសម្ភាសន៍ សួរសុខទុក្ខ និងផ្តល់ការគាំទ្រទាំងសម្ភារៈនិងស្មារតី ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃ១១ កុម្ភៈ លោក ប៉ែន បូណា បានថ្លែងថា ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប រួមជាមួយតំណាងអង្គការយូនីសេហ្វ បានអញ្ជើញទៅដល់មណ្ឌល ជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ និងបានសម្តែងក្តីអាណិតអាសូរចំពោះពលរដ្ឋភៀសសឹក ហើយបានផ្តល់ការគាំទ្រនិងការលើកទឹកចិត្តយ៉ាងខ្លាំងដល់ពួកគេ។ ឯកអគ្គរដ្ឋទូត បានប្រាប់ជនភៀសសឹកថា ពួកគេមិននៅឯកាទេ ពោល គឺសហភាពអឺរ៉ុបនៅជាមួយនិងជួយគាំទ្រពួកគេជានិច្ច។ លោកថា នេះជាសារដែលផ្តល់ ភាពកក់ក្តៅយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋភៀសសឹកកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូលនិយាយជារួម។

លោក ប៉ែន បូណា បន្ថែមថា វត្តមាននៃបណ្តាអង្គទូតនានាប្រចាំកម្ពុជា តំណាងអង្គការអន្តរជាតិ និងអ្នកសារព័ត៌មានបរទេស រួមទាំងអ្នកសង្កេត ការណ៍អាស៊ាន (AOT)ផង ដែលបានទៅឃើញស្ថានភាពជាក់ស្តែង នៅតាមព្រំដែន ក៏ដូចជាស្ថានភាពប្រជាពលរដ្ឋ ភៀសសឹកដែលត្រូវបានរារាំង មិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាសាក្សីផ្ទាល់ភ្នែក ដែលបានដឹងលឺនិងកត់ត្រាអំពីការពិត ដែលកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ដូច្នេះ សកម្មភាពរំលោភបំពាន ទន្ទ្រានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់អន្តរជាតិពីសំណាក់កងទាហានថៃ ត្រូវបានសហគមន៍អន្តរជាតិដឹងលឺ យ៉ាងទូលំទូលាយ ៕

To Top