រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធយុទ្ធនាការគាំទ្រ ទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ “ការប្រើប្រាស់ AI ដោយសុវត្ថិភាព និងការទទួលខុសត្រូវ”
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១១ ខែគុម្ភៈ ឆ្នាំ២០២៦ បានប្រារព្ធយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ “ការប្រើប្រាស់ AI ដោយសុវត្ថិភាព និងការទទួលខុសត្រូវ” ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផៃ្ទ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI គឺជារបកគំហើញថ្មី ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងធ្វើឱ្យមនុស្សនិយមប្រើប្រាស់លើគ្រប់វិស័យ ដោយមានសមត្ថភាពបង្កើត និងធ្វើការកែច្នៃទាំងខ្លឹមសារ រូបភាព សម្លេងរបស់បុគ្គល ឬព្រឹត្តិការណ៍នានា ឱ្យកាន់តែរស់រវើក មានការទាក់ទាញ ដោយសេរី និងងាយស្រួល។ នេះជារឿងដែលគួរឱ្យរីករាយផង និងគួរឱ្យបារម្ភផង។

លោកអភិបាលខេត្តបន្តថា ពិភពលោកបាន និងកំពុងតែផ្តោតការយកចិត្តទុកដាក់លើសុវត្ថិភាព របស់បុគ្គលអ្នកប្រើប្រាស់ ក៏ដូចជាសង្គមជាតិ ដែលកាន់តែច្របូកច្របល់ និងបង្កបញ្ហាកាន់តែស្មុគស្មាញ និងកាន់តែគ្រោះថ្នាក់ដល់មនុស្សគ្រប់វ័យ ដោយការប្រើប្រាស់អីនធឺណិតគួបផ្សំនឹងការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីកែច្នៃទិន្នន័យព័ត៌មាន រូបភាព សម្លេង ធ្វើឱ្យការពិត ទៅជាមិនពិត មិនពិតទៅជាពិត យ៉ាងអាណាធិបតេយ្យ និងមានភាពស្មុគស្មាញខ្លាំងក្នុងការគ្រប់គ្រង។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផៃ្ទ ក៏បានមានប្រសាសន៍ផងដែរថា ក្នុងឆ្នាំនេះ យើងនឹងរៀបចំយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញការចូលរួមជាមួយចលនាសកលមួយ ដើម្បីលើកកម្ពស់សុវត្ថិភាពអ៊ីនធឺណិតសម្រាប់ទាំងអស់គ្នា។ ពីព្រោះបច្ចុប្បន្នមនុស្សគ្រប់គ្នាកំពុងតែនិយាយអំពីបច្ចេកវិទ្យា AI ហើយដោយសារកុមារ និងយុវវ័យជាច្រើនបានដឹង និងកំពុងតែប្រើប្រាស់ AI ហេតុនេះពួកគេត្រូវតែទទួលបានចំណេះដឹង ជំនាញ និងទំនុកចិត្តក្នុងការជ្រើសរើសបច្ចេកវិទ្យាដែលមានសុវត្ថិភាព។

ដូច្នេះមូលបទចម្បងដែលបានជ្រើសរើសសម្រាប់ឆ្នាំនេះ នឹងផ្តោតលើការស្វែងយល់ពីផលជះនៃ AI លើជីវិតរបស់យើង និងអាចយល់ដឹងពីរបៀបដែល AI អាចត្រូវបានប្រើសម្រាប់តែផលវិជ្ជមាន ហើយនឹងត្រូវបានចូលរួមផ្តល់ដំបូន្មានបន្ថែម ពីការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។


អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
