ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទ ២០២៥-២០៣៥» ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅមូលដ្ឋាន និងឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ «គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ក្រោមអធិបតី លោកស្រី ឡាច សាម៉ន អនុរដ្ឋលេខាធិការ និងលោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំរំដួល (ខាងលើមន្ទីរធម្មការ និងសាសនាខេត្ត) ដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរក្រសួង, លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរង ក្រុង-ស្រុកទាំង៧, មេឃុំ ចៅសង្កាត់ ស្មៀន និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ។

លោក ម៉ៅ ឌុង អភិបាលរងខេត្ត បានថ្លែងការណ៍លើកទឹកចិត្តដល់មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការក្រេបជញ្ជក់ចំណេះដឹងពីគោលនយោបាយថ្មីនេះ ដើម្បីយកទៅផ្សព្វផ្សាយបន្ត និងអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ លោកក៏បានជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរពាក់ព័ន្ធ បង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីកៀរគរធនធានមកអភិវឌ្ឍន៍មូលដ្ឋានឱ្យទាន់ពេលវេលា ស្របតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

លោកអភិបាលរង បានគូសបញ្ជាក់ថា «ការអភិវឌ្ឍជនបទ គឺជាផ្នែកមួយមិនអាចខ្វះបាន ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតលើអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»*។ ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់ក្រសួងអភិវឌ្ឍន៍ជនបទ មេត្តាបន្តបង្កើនកញ្ចប់ថវិកា និងវគ្គបណ្តុះបណ្តាលបច្ចេកទេសដល់មន្ត្រីមូលដ្ឋាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនេះដែរ លោកស្រី ឡាច សាម៉ន អនុរដ្ឋលេខាធិការ បានលើកឡើងថា គោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងជាសសរស្តម្ភគាំទ្រដល់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកស្រីបន្ថែមថា គោលនយោបាយនេះបានផ្តោតលើតំបន់ភូមិសាស្ត្រចម្រុះ រួមមានតំបន់ទំនាប តំបន់ជុំវិញបឹងទន្លេសាប តំបន់ឆ្នេរ និងតំបន់ខ្ពង់រាប ជាពិសេសគឺការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែន ដើម្បីប្រែក្លាយទៅជាតំបន់សន្តិភាព និងសហប្រតិបត្តិការ។ គោលដៅយុទ្ធសាស្ត្រសំខាន់ៗទាំង ៤រួមមាន៖
-ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទឱ្យមានភាពប្រទាក់ក្រឡាគ្នា
-ការលើកកម្ពស់សុខភាព និងអាយុសង្ឃឹមរស់ របស់ប្រជាជនជនបទ
-ការបង្កើតភូមិឋានដែលមានសេចក្តីសុខក្សេមក្សាន្ត និងបរិស្ថានល្អ
-ការជំរុញកំណើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព។

ជាទីបញ្ចប់ លោកស្រី អនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយនាពេលនេះ គឺជាយុទ្ធនាការយុទ្ធសាស្ត្រមួយក្នុងការបង្កើនការយល់ដឹង កៀរគរការចូលរួម និងផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិទៅកាន់ការអនុវត្តនៅថ្នាក់ក្រោមជាតិឱ្យកាន់តែជិតស្និទ្ធ ដើម្បីសម្រេចឱ្យបាននូវទស្សនវិស័យអភិវឌ្ឍន៍ជាតិឆ្នាំ២០៣០ និង២០៥០ នាពេលខាងមុខ៕

ដោយ៖ ជឿន សុធន /ត្បូងឃ្មុំ/ដើមអម្ពិល/

To Top