ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា ក្រុមមន្រ្តីប្រតិបត្តិសាខា និងអនុសាខាក្រុង/ស្រុកទាំង០៧ ចំនួន៤៧នាក់ ស្រី១៧នាក់ នៅសាលប្រជុំអាគារសាខាកាកបាទក្រហមកម្ពុជាខេត្ត។

បើយោងតាមរបាយការណ៍របស់ លោក រស់ សុខន ប្រធានប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបានឱ្យដឹងថា ក្នុងរយៈពេល ១២ខែ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាខេត្ត និងអនុសាខាក្រុង/ស្រុក បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងការងារសុខភាព និងងការថែទាំសុខភាពក្នុងសហគមន៍ សរុបបានចំនួន ១,៩៩២គ្រួសារ/នាក់ ស្មើនឹង ១៨៦លើក ក្នុងនោះមានទាំងការអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនដល់បងប្អូនរងគ្រោះចំនួន ១៨០០គ្រួសារ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកកម្ពុជាដោយផ្ទាល់ផងដែរ។

ជាមួយគ្នានោះ លោក ប៉ែន កុសល្យ អភិបាលខេត្ត បានកោតសរសើរដល់គណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា លោក លោកស្រីក្រុមកាកបាទក្រហម តាមមន្ទីរ អង្គភាព ប្រធាន អនុប្រធាន អនុសាខាក្រុង-ស្រុកទាំង ៧ មន្ត្រីប្រចាំការ និងបុគ្គលិកទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលយ៉ាងល្អប្រសើរនៅគ្រប់មូលដ្ឋាន និងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះលោក លោក ស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងសហការី និងគណៈកម្មាធិការអនុសាខាស្រុក ព្រមទាំងសប្បុរសជនទាំងអស់ ដែលចូលរួមជាថវិកាសមាជិកភាព នាឱកាសនេះដើម្បីឱ្យសាខាខេត្ត មានលទ្ធភាពបំពេញការងារមនុស្សធម៌បន្តទៀត លើវិស័យអាទិភាពទាំង ៤ ពិសេសជួយដល់គ្រួសារងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ។

លោកប្រធាន គណ:កម្មាធិការសាខា បានសំណូមពរឱ្យខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារនេះបន្តទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងខេត្តរបស់យើង ហើយសូមបន្តយកចិត្តទុកដាក់ត្រៀមរៀបចំបង្ការ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយផ្សេងៗទៀត ដែលអាចកើតមានឡើងដូចជាអគ្គិភ័យឆេះផ្ទះ ខ្យល់កន្ត្រាក់ ជាយថាហេតុក្នុងរដូវនេះ ដែលអាចកើតមានឡើងជាយថាហេតុផងដែរ។

-រៀបចំយុទ្ធនាការសម្អាតបរិស្ថាន តាមសាលារៀន និងសហគមន៍ សហការដាំកូនឈើជាមួយស្ថាប័នពាក់ព័ន្ធ។
-ត្រៀមថវិការ និងសម្ភារៈដើម្បីឆ្លើយតបជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។
-ចុះអប់រំផ្សព្វផ្សាយពីវិធានការបង្ការគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ សុខភាពផ្លូវចិត្ត ជំងឺរាតត្បាត និងជំងឺមិនឆ្លងនៅតាមសហគមន៍ក្នុងខេត្តត្បូងឃ្មុំរបស់យើងផងដែរ៕


ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/
