ព័ត៌មានជាតិ

ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុន សាងសង់ប្រព័ន្ធសម្អាតទឹកកខ្វក់ នៅខេត្តបាត់ដំបង ធ្វើការទប់ស្កាត់ការ បំពុលបរិស្ថាន

បាត់ដំបង ៖ ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុនសាងសង់ ប្រព័ន្ធសម្អាតទឹកកខ្វក់ នៅខេត្តបាត់ដំបង ធ្វើការទប់ស្កាត់ការបំពុលបរិស្ថាន ត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីមានករណីឆេះទុយោទឹក នៅទីតាំងស្តុកកាលពីពេលថ្មីៗ។

បន្ទាប់ពីបានចុះត្រួតពិនិត្យករណីភ្លើងឆេះទុយោទឹក របស់ក្រុមហ៊ុនគិរីដងរែក ដែលទទួលម៉ៅការលើ គម្រោងទឹកស្អាត និងអនាម័យរបស់ក្រុងបាត់ដំបង ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមការងារអធិការកិច្ច នៃអគ្គនាយដ្ឋាន គាំពារបរិស្ថាន សហការជាមួយមន្ត្រី នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៦ បានដាក់ចេញ វិធានការចំពោះមុខ ដោយតម្រូវ ឱ្យក្រុមហ៊ុនអនុវត្ត រៀបចំទំនប់ព័ទ្ធទីតាំង សំណល់ពីការឆេះ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីទប់ស្កាត់សំណល់ផេះ ហូរចូលទៅដីស្រែប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលមានភ្លៀងកក់ខែ។

ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវសម្អាតសំណល់ផេះ និងសំណល់កំណកជ័រ ឱ្យបានចប់រួចរាល់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ក្នុងការដឹកជញ្ជូនទៅទុកដាក់ឱ្យបានត្រឹមត្រូវ នៅទីលានទុកដាក់សំរាមខេត្តបាត់ដំបង។

សូមបញ្ជាក់ថា តំណាងក្រុមហ៊ុន បានឯកភាពអនវត្តវិធានការបច្ចេកទេស ទៅតាមកាលបរិច្ឆេទខាងលើ ដើម្បីចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន ដែលក្រសួងបរិស្ថានបាននិងកំពុងអនុវត្ត គោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីជំរុញឱ្យប្រទេសកម្ពុជា ដែលជាផ្ទះរបស់យើង មានភាពស្អាត មានភាពបៃតង ប្រជាជនរស់នៅ មានសុខភាពល្អ និងមានការអភិវឌ្ឍ ប្រកបដោយចីរភាព៕

To Top