ព័ត៌មានជាតិ

កម្ពុជាមិនផលិត មិនស្តុកទុក និងមិនប្រើប្រាស់មីន ប្រឆាំងមនុស្សឡើយ

ភ្នំពេញ ៖ អាជ្ញាធរមីនបានគូសបញ្ជាក់ថា កម្ពុជាមិនមានការផលិត មិនមានការស្តុកទុក និងមិនប្រើប្រាស់មីន ប្រឆាំងមនុស្សឡើយ ដោយមានការគ្រប់គ្រង ត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ស្របតាមបទដ្ឋានអន្តរជាតិ ។

ការអះអាងយ៉ាងនេះរបស់អាជ្ញាធរមីន បន្ទាប់ពីឃើញមានការផ្សព្វផ្សាយជាសាធារណៈ របស់បណ្តាញសង្គមថៃនិយាយដោយបានដកស្រង់ ប្រភពពីយោធាថៃ ពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្ស នៅតំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ឃើញបែបនេះ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីថ្លែងការណ៍ តបទៅវិញថា ការផ្សព្វផ្សាយ ដោយមិនមានប្រភពច្បាស់លាស់ ឬមិនមានការស៊ើបអង្កេត និងមិនផ្ទៀងផ្ទាត់ត្រឹមត្រូវ អាចបង្កការភាន់ច្រឡំ និងអាចបង្កើនភាពតានតឹងដែលមិនចាំបាច់។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួម ប្រកបដោយតម្លាភាព ក្នុងយន្តការទ្វេភាគី និងអន្តរជាតិ ក្នុងការបញ្ជាក់ការពិត និងការពារមិនឱ្យមានភាពភាន់ច្រឡំណាមួយ។

អាជ្ញាធរមីនបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តសម្រាប់កិច្ចសហប្រតិបត្តិការ កិច្ចពិភាក្សា និងការលុប បំបាត់នូវសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបង្កការគំរាមកំហែង ដល់អាយុជីវិតប្រជាជន និងសហគមន៍ក្នុងតំបន់តាមព្រំដែន។
ជាមួយគ្នានេះ អាជ្ញាធរមីនក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ាផងដែរ៕

To Top