កម្ពុជាបង្កើតច្បាប់ស្តីពី “ការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា”
ភ្នំពេញ ៖ ច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នឹងលេចចេញជារូបរាង នាពេលខាងមុខនេះហើយ បន្ទាប់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំរៀបចំតាក់តែងបង្កើតឡើង ។

ជាមួយនឹងការបានរៀបចំ សេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា” រួចហើយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំបច្ចេកទេស អន្តរស្ថាប័នដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។

បន្ទាប់ពីទទួលបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ក្រសួងយុត្តិធម៌បានរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” និង បានដាក់ឆ្លងកិច្ចប្រជុំអន្តរស្ថាប័ន នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីប្រមូលធាតុចូលបន្ថែម ផ្នែកបច្ចេកទេស សំដៅធានាភាពគ្រប់ជ្រុងជ្រោយ នៃសេចក្តីព្រាងច្បាប់នេះ និងធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ រួមមាន ៖ ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី, គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, គណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងអង្គភាពនគរបាលយុត្តិធម៌។ ជាលទ្ធផល, អង្គប្រជុំបានឯកភាព ជារួមលើសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នេះ។

ច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នេះ នឹងបង្កើតបានជាក្របខណ្ឌគតិយុត្តមួយដ៏សំខាន់ និងច្បាស់លាស់បន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ, ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ ច្បាប់នេះ ក៏ត្រូវបានរៀបចំឡើង ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកម្ពុជាបានចុះហត្ថលេខានាពេលកន្លងមក៕




