កម្ពុជា និងអូស្ត្រាលី ពង្រឹងកិច្ចប្រតិបត្តិការកាន់តែជិតស្និទ្ធិ តាមរយៈអនុវត្តនូវគម្រោងរួមគ្នាការពារទន្លេមេគង្គ
ភ្នំពេញ ៖ កម្ពុជា និងអូស្ត្រាលី បានពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធិក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការអនុវត្តនូវគម្រោងរួមគ្នាការពារទន្លេមេគង្គ ដោយបានរៀបចំឱ្យមាន អនុក្រឹត្យស្តីពី នីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) ដែលជាមូលដ្ឋានគ្រឹះផ្នែកច្បាប់ និងការណែនាំប្រតិបត្តិសម្រាប់ការអនុវត្តនៅកម្ពុជា។

គោលបំណង គឺធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននៅក្នុងតំបន់ទន្លេមេគង្គ។ កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូមេគង្គ-អូស្រ្តាលីនេះ បានធ្វើឡើងនៅក្នុងក្នុងពិធីចុះហត្ថលេខាលើលិខិតព្រមព្រៀងរវាងក្រសួងបរិស្ថាន និង អង្គការមូលនិធិអាស៊ី (The Asia Foundation) ស្ដីពីការរៀបចំអនុក្រឹត្យស្ដីពី នីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននៅកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។
អនុក្រឹត្យស្តីពី នីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាបបញ្ហាបរិស្ថានទៅក្នុងការរៀបចំគោលនយោបាយ ផែនការ និងកម្មវិធីតាមវិស័យនីមួយៗ។

ការវាយតម្លៃបរិស្ថានមិនមែនគ្រាន់តែជាការណែនាំបច្ចេកទេស ជួយបង្កើនសក្តានុពលការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តប៉ុណ្ណោះទេ តែវាគឺជាឧបករណ៍ប្រមើលមើលពីសក្តានុពលនៃផលប៉ះពាល់បរិស្ថាន និងសង្គម ដែលអនុញ្ញាតឱ្យយើងបញ្ជូលទៅក្នុងគោលនយោបាយ កម្មវិធី និងផែនការថ្នាក់ជាតិ និងតាមវិស័យ ធានានូវកំណើនសេដ្ឋកិច្ច មានដំណើរទៅព្រមជាមួយនឹងគោលដៅបរិស្ថានប្រកបដោយចីរភាព។
ជាមួយគ្នានេះក៏បានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍបៃតង ក្នុងវិស័យឧស្សាហកម្ម រ៉ែ ថាមពល កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទូរគមនាគមន៍ និងវិស័យសំខាន់ៗ ដែលមានចែងក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ។ លើសពីនេះទៀត ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនគុណភាពនៃការអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថានផងដែរ។
សូមជម្រាបជូនថា ពិធីចុះហត្ថលេខាលើលិខិតព្រមព្រៀងរវាងក្រសួងបរិស្ថាន និង អង្គការមូលនិធិអាស៊ី (The Asia Foundation) ស្ដីពីការរៀបចំអនុក្រឹត្យស្ដីពី នីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននៅកម្ពុជានេះ ក្រសួងបរិស្ថានតំណាងដោយលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Meloney C. Lindberg តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា ដោយមានឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជាជាសាក្សី ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន៕
