នៅសល់ភូមិ ៦៥ទៀត ពុំអាចផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ
ភ្នំពេញ ៖ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានថ្លែងថា នៅសេសសល់ប្រមាណជា៦៥ទៀត ដែលពុំអាចផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាននៅឡើយ។

តាមរបាយការណ៍របស់លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងសន្និបាតបូកសរុបការងារបញ្ចប់ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា គិតមកដល់ចុងឆ្នាំ២០២៥ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន១៤,៤៣៨ កើនឡើងចំនួន៣៩០ភូមិ ប៉ុន្តែបើគិតជាភាគរយប្រៀបធៀបជាមួយស្ថិតិចំនួនភូមិសរុបថ្មី បានថយចុះពី៩៩.១៥% មក៩៩.០៩%។
របាយការណ៍បញ្ជាក់ថា មូលហេតុចំនួនភាគរយប្រៀបធៀបជាមួយចំនួនភូមិសរុប មានការថយចុះនេះ ដោយសារកន្លងមក អាជ្ញាធរអគ្គិសនីកម្ពុជាបានប្រើប្រាស់ស្ថិតិភូមិសរុប១៤,១៦៨ ប៉ុន្តែសម្រាប់ឆ្នាំ២០២៥ អាជ្ញាធរអគ្គិសនីកម្ពុជាបានប្រើប្រាស់ស្ថិតិភូមិសរុបថ្មី ដែលមានចំនួន១៤,៥៧០ គឺចំនួនភូមិបានកើនឡើង៤០២ភូមិ។

របាយការណ៍បន្តថា ផ្អែកតាមគម្រោងផែនការក្នុងរយៈពេល២-៣ឆ្នាំខាងមុខ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន ៦៧ ភូមិទៀត។ ដូច្នេះ អាចសល់ភូមិចំនួន៦៥ ត្រូវជា ០.៤៥% ដែលអាចពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ។
របាយការណ៍អះអាងថា ភូមិដែលនៅសល់ទាំងនេះ គឺជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជា ៖ ភូមិស្ថិតនៅតំបន់ដាច់ស្រយាលខ្លាំង , តំបន់គ្មានផ្លូវធ្វើដំណើរ , តំបន់កោះ , តំបន់រស់នៅបណ្តែតទឹក , តំបន់លិចទឹកនៅរដូវវស្សា , តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ , តំបន់តាំងទីលំនៅថ្មី ជាដើម ដែលត្រូវការទុនយ៉ាងច្រើន និងមានភាពស្មុគស្មាញ ប្រសិនបើត្រូវពង្រីកការផ្គត់ផ្គង់ពីបណ្តាញជាតិទៅកាន់ទីនោះ៕
