ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល មិននៅស្ងៀម ចំពោះយោធាថៃ វាយកម្ទេចផ្ទះពលរដ្ឋ និងអគារមួយចំនួន នៅបឹងត្រកួន

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនអាចទទួលយកបាន និងមិននៅស្ងៀមនោះទេ ចំពោះសកម្មភាពរបស់យោធាថៃ វាយកម្ទេចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលមួយចំនួនថែមទៀត នៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង ៣៦ ក្នុងស្រុកថ្មពួក និងនៅតំបន់ភូមិជោគជ័យ កាលពីថ្ងៃទី១១ កុម្ភៈ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅថ្ងៃទី១២ ខែកុម្ភៈ លោក ប៉ែន បូណាបានថ្លែងថា បន្ទាប់ពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលមួយចំនួនថែមទៀត ត្រូវបានយោធាថៃ វាយកម្ទេចបំផ្លិចបំផ្លាញនៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង ៣៦ ក្នុងស្រុកថ្មពួក និងនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៤៦ និង ៤៧ មានការជីកប្រឡាយ និងសាងសង់ផ្លូវមួយខ្សែព្រមទាំងការចាក់ដីលុបស្រះទឹក នៅថ្ងៃ១១ កុម្ភៈ នោះ នាថ្ងៃដដែល ក្រសួងការបរទេសខ្មែរ បានតវ៉ាយ៉ាងខ្លាំងជាថ្មីម្តងទៀត ប្រឆាំងនឹងសកម្មភាពខុសច្បាប់ ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ។

អ្នកនាំពាក្យថា ការតវ៉ាជាផ្លូវការនិងជាបន្តបន្ទាប់នេះ បង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជាមិនអាចទទួលយកបាននិងមិននៅស្ងៀមជាដាច់ខាត ចំពោះមុខសកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា និងកំពុងជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី តាមស្មារតីនៃសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលភាគីទាំងពីរឯកភាពគ្នា ប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែន បន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង តាមបណ្តោយព្រំដែនដូចការប្តេជ្ញាចិត្ត ដែលបានបង្ហាញក្នុងសេចក្តីប្រកាសរួមនេះ ៕

To Top