លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញពិនិត្យវឌ្ឍនភាព គម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកមន្ទីរពេទ្យកុមារជាតិ ដើម្បីពិនិត្យវឌ្ឍនភាព គម្រោងវះកាត់បេះដូងកុមារ ដែលជាកិច្ចសហប្រតិបត្តិការ រវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) នៅព្រឹកថ្ងៃ១២ កុម្ភៈ ។

គម្រោងដ៏វិសេសវិសាលនេះ ត្រូវបានបង្កើតឡើង និងអនុវត្តក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត រួមទាំងជំងឺបេះដូងផ្សេងៗ តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ ដើម្បីផ្តល់មកវិញនូវសុខុមាលភាព និងជិវិតដ៏ត្រចះត្រចង់ ដល់កុមារកម្ពុជា។

គម្រោងនេះ ក៏ជួយបណ្តុះបណ្តាលបន្ថែមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិក ការជួយទ្រទ្រង់ផ្នែកឧបករណ៍បច្ចេកទេសវះកាត់ និងការជួយគាំទ្រផ្នែកស្មារតីគ្នាជាដើម។

ឆ្លៀតក្នុងវេលានេះ លោកជំទាវបណ្ឌិត បានអញ្ជើញសួរសុខទុក្ខកុមារ ដែលកំពុងសម្រាកព្យាបាលជំងឺ ។ លោកជំទាវបណ្ឌិត ថែមទាំងបានជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យ គិលានុបដ្ឋាក បុគ្គលិកមន្ទីរពេទ្យ រួមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ដែលកំពុងបម្រើការក្នុងគម្រោងនេះ៕





