ព័ត៌មានជាតិ

ត្រីគល់រាំងចំនួន ២ក្បាល ដែលប្រជាពលរដ្ឋនេសាទបាននៅអាងទឹកជាំតាហ៊ឹង ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញជួយសង្គ្រោះ នាំយកទៅលែងចូលក្នុងទន្លេសប្បនិមិត្តខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅវេលាម៉ោង ១១:០០ នាទីព្រឹក ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ និងលោក គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញលែងត្រីគល់រាំង ចំនួន២ក្បាល ទម្ងន់ ៧០គីឡូក្រាម ចូលទៅក្នុងអាងទឹកតាវ៉ាន់ (ទន្លេសប្បនិម្មិត ) ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ។

ការលែងត្រីគល់រាំង ដែលជាប្រភេទត្រីកម្រ និងកំពុងរងគ្រោះថ្នាក់ ធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីចូលរួមចំណែកក្នុងការអភិរក្សធនធានជលផល ជាពិសេសប្រភេទត្រីដែលជាអត្តសញ្ញាណជាតិ “មច្ឆាជាតិ” និងកំពុងរងការគំរាមកំហែង។ លើសពីនេះ វត្តមានរបស់ត្រីគល់រាំងនៅក្នុងអាងទឹក នឹងជួយបង្កើនសោភ័ណភាព និងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់នេះផងដែរ។

កន្លងមកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងក្រាមការចង្អុលបង្ហាញពីរដ្ឋបាលខេត្ត បានលែងនូវប្រភេទត្រីជាច្រើនប្រភេទដូចជាប្រភេទត្រីរាជ ត្រីប្រាធំ ត្រីកញ្ជនជ័យ ត្រីរ៉ស់ អណ្ដើក និងប្រភេទវារីសត្វផ្សេងៗទៀត ចូលក្នុងអាងទឹកតាវ៉ាន់នេះជាបន្តបន្ទាប់ ក្នុងគោលបំណងអភិរក្សនិងបង្កើតផលស្តុកត្រីធម្មជាតិ។ ក្នុងនោះប្រភេទត្រីសំខាន់ៗនិងជាប្រភេទត្រីធំកម្រមានពីរប្រភេទ គឺប្រភេទត្រីរាជ និងត្រីគល់រាំងនេះ។

ក្នុងឱកាសនោះផងដែល លោកអភិបាលរងខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមជួយថែរក្សា មិននេសាទ ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់សុវត្ថិភាពត្រីទាំងនេះ ដើម្បីទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។

ជាចុងក្រោយក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់រដ្ឋបាលស្រុកតំបែរ ដែលបានប្រគល់ត្រីគល់រាំង ចំនួន ២ក្បាល ដែលបានមកពីប្រជាពលរដ្ឋ ចាប់បាននៅក្នុងអាងទឹកទំនប់ជាំតាហឹង នៅឃុំទឹកជ្រៅ ស្រុកតំបែរ និងប្រគល់ជូនរដ្ឋបាលខេត្ត យកមកប្រលែងចូលក្នុងអាងតាវ៉ាន់ ដើម្បីថែរក្សានិងអភិរក្ស។

គូសបញ្ជាក់បន្ថែមថា៖ ត្រីគល់រាំងចំនួន២ក្បាលនេះ គឺប្រជាពលរដ្ឋនេសាទបាននៅអាងទឹកជាំតាហ៊ឹង កាលពីពិធីចាប់ត្រីតាមបែបបុរាណ នៅស្រុកតំបែរ ហើយត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញជួយសង្គ្រោះ និងនាំយកទៅលែងចូលក្នុងទន្លេសប្បនិមិត្តខេត្តត្បូងឃ្មុំនេះផងដែរ៕

ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ព័ត៌មាន`

To Top