ក្រសួងវប្បធម៌ អំពាវនាវ ឱ្យរក្សាភាពថ្លៃថ្នូរ ខណៈយុវជនមួយចំនួនតូច បន្ដយល់ខុសពីអត្ថន័យ ទិវានៃក្តីស្រឡាញ់
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់យុវជនរក្សាសេចក្ដីថ្លៃថ្នូរ និងប្រពៃណី ខណៈយុវជនមួយចំនួនតូច បន្ដយល់ខុសពីអត្ថន័យ ទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ដោយប្រព្រឹត្តសកម្មភាពខុសឆ្គងមួយចំនួន។
យោងតាមសេចក្ដីអំពាវនាវរបស់ ក្រសួងវប្បធម៌ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ថ្ងៃទី១៤ កុម្ភៈ ដែលត្រូវបានមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់ បាននិងកំពុងជះឥទ្ធិពលក្នុងសង្គមកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន ដោយបានប្រើប្រាស់ទិវានេះ ជាឱកាសក្នុងការធ្វើសកម្មភាពនានា ដើម្បីបង្ហាញនូវមនោសញ្ចេតនាស្រឡាញ់ដឹងគុណចំពោះមាតាបិតា អាណាព្យាបាល គ្រូបាធ្យាយ ប្ដី-ប្រពន្ធ មិត្តភក្តិ ជាដើម ប្រកបដោយភាពថ្លៃថ្នូរគួរជាទីគោរព និងកោតសរសើរ។
ក្រសួង ថា «ប៉ុន្តែជាមួយគ្នានេះ យុវជនមួយចំនួនតូច នៅតែបន្ដយល់ខុសពីអត្ថន័យ នៃទិវានៃក្តីស្រឡាញ់នេះ ដោយប្រព្រឹត្តសកម្មភាពខុសឆ្គងមួយចំនួន ដែលបង្កផលប៉ះពាល់អវិជ្ជមាន ដល់បុគ្គលខ្លួនឯងផ្ទាល់ផង និងដល់តម្លៃប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិផងដែរ»។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយល់ឃើញថា ការសិក្សាស្វែងយល់ឱ្យបានច្បាស់អំពីឫសគល់ និងប្រភពនៃទិវានេះ គឺជាភាពចាំបាច់ដើម្បីចៀសវាងការអនុវត្តខុស និងការបង្កនូវរូបភាព និងបរិយាកាសសង្គមថ្មី ដែលខុសពីចរិតលក្ខណៈដើមនៃសង្គមកម្ពុជាយើង ជាពិសេសសកម្មភាពជ្រួល ជ្រើមហួសហេតុប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម កិត្តិយស និងសេចក្តីថ្លៃថ្នូរ ដល់បុគ្គលខ្លួនឯងនិងអ្នកដទៃ ព្រមទាំងសកម្មភាពទាំងឡាយ ដោយបង្កផលប៉ះពាល់រយៈពេលវែងដល់អនាគត នៃបុគ្គលខ្លួនឯងផ្ទាល់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំឭកដល់បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះ ឱ្យក្លាយជាឱកាសមួយ ក្នុងការបង្ហាញអារម្មណ៍ មនោសញ្ចេតនា និងកាយវិការ ចែករំលែកនូវក្តីស្រឡាញ់ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សនៅជុំវិញ ខ្លួនយើងជាអាទិ៍ ៖ ក្រុមគ្រួសារ ឪពុកម្តាយ ប្ដីប្រពន្ធ កូនចៅ ញាតិមិត្ដ និងកាយវិការចែករំលែកទៅដល់ ជនពិការ កុមារកំព និងអ្នកដែលស្ថិត ក្នុងស្ថានភាពលំបាកផ្សេងទៀត ក្រោមរូបភាព សរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬការទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្សរីករាយ ស្របតាមគន្លងប្រពៃណីដ៏ ល្អត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារខ្លួន ពិសេសរួមចំណែកថែរក្សា បាននូវអត្តសញ្ញាណជាតិ ដែលកូនខ្មែរគ្រប់ៗរូបមានកាតព្វកិច្ចថែរក្សា និងការពារ៕
