ព័ត៌មានជាតិ

កម្ពុជា-អាល្លឺម៉ង់ បេ្តជ្ញាបន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

បារាំង ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯលោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបប្រជុំទ្វេភាគីជាមួយលោកស្រី​ Garbel Kofler រដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (BMZ) ក្នុងឱកាសដែលលោក បានដឹកនាំគណៈប្រតិភូ ត្រីភាគីកម្ពុជាចូលរួមវេទិកា របស់អង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការត្រួតពិនិត្យ អនុលោមភាពនៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង នៅទីស្នាក់ការកណ្តាលអង្គការ OECD ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី និងលោកស្រីបានសម្តែង នូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ដែលបានរួមចំណែក ធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង។

ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការខិតខំបន្តពង្រឹង កិច្ចសហប្រតិបត្តិការឱ្យកាន់តែមានវិសាលភាពទូលំទូលាយបន្ថែមទៀត សំដៅលើកកម្ពស់ផលិតភាព ការអភិវឌ្ឍជំនាញ ការពង្រឹងសមត្ថភាព របស់អង្គការវិជ្ជាជីវៈខាងនិយោជក និងកម្មករនិយោជិត។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរបទពិសោធ បញ្ហាប្រឈម និងកាលានុវត្តភាព ក្នុងការអភិវឌ្ឍវិស័យទំនាក់ទំនងវិជ្ជាជីវៈផងដែរ៕

To Top