ព័ត៌មានជាតិ

ពងអណ្តើកហ្លួងចំនួន ២៥គ្រាប់ ត្រូវបានរកឃើញនៅឆ្នេរខ្សាច់ ក្នុងខេត្តកោះកុង

កោះកុង ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ មន្រ្តីជំនាញអភិរក្ស នៃរដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសំបុកអណ្តើកហ្លួង ២ទីតាំង មានគ្រាប់ពងសរុប ២៥គ្រាប់ នៅឆ្នេរខ្សាច់ចំណុចឈើទាល នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល។

បច្ចុប្បន្ន ក្រុមការងារកំពុងការពារសំបុកទាំងនោះ និងតាមដានការញាស់ ដើម្បីធានាអត្រាគង់វង្សខ្ពស់។

អណ្តើកហ្លួង ត្រូវបានចាត់ជាប្រភេទឧរង្គសត្វនិមិ្មតរូប នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ និងត្រូវបានចាត់ជាប្រភេទកំពុងរងគ្រោះថ្នាក់ ដោយអនុក្រឹត្យលេខ១២៣ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៩ ។ ប្រភេទនេះ ក៏ត្រូវបានចាត់ ជាប្រភេទជិតផុតពូជ ក្នុងបញ្ជីក្រហមនៃអង្គការ IUCN និងស្ថិតក្នុងឧបសម្ព័ន្ធ១ នៃអនុញ្ញាសាយតេស ផងដែរ។

ប្រព័ន្ធព្រែកស្រែអំបិល គឺជាកន្លែងការពារ និងអភិរក្សដ៏សំខាន់បំផុត នៅកម្ពុជា ព្រោះជាកន្លែងតែមួយគត់ ដែលអណ្តើកហ្លួងរស់នៅនិងពងកូន។ ដូចនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ WCS រដ្ឋបាលខេត្តកោះកុង និងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ បានយកចិត្តទុកដាក់ការរពារប្រភេទនេះចាប់ពីឆ្នាំ២០០០ តាមរយៈការថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងប្រព័ន្ធព្រែកស្រែអំបិល ការពង្រឹងការអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ និង ការបង្កាត់ភ្ញាស់និងលែង ដើម្បីធានានិរន្តរភាពនៃប្រភេទ នេះក្នុងដែនទឹកធម្មជាតិ៕

To Top