ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញប្រកាសការចូលកាន់តំណែង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងថ្មី

ស្វាយរៀង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសចូលកាន់តំណែង លោក ឈឹម បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលទើបទទួលបានការតែងតាំង។

ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរអភវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលទើបចូលកាន់តំណែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា, រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ថ្នាក់ដឹកនាំខេត្តស្វាយរៀង ដែលបានផ្ដល់នូវសេចក្ដីទុកចិត្ត ស្នើសូមធ្វើការតែងតាំង រូបលោក ជាប្រធានមន្ទីរ ជាមួយនឹងការប្ដេជ្ញាចិត្តខិតខំឱ្យអស់ពីកម្លាំង កាយចិត្ត ក្នុងការបំពេញតួនាទី ភារកិច្ចក្នុងជានាមសេនាធិការបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសុច្ចរិត ជូនក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តស្វាយរៀង ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជននៅទូទាំងខេត្ត។

បន្ទាប់ពីបានស្ដាប់នូវការប្ដេជ្ញាចិត្ត និងមតិស្វាគមន៍រួចមក លោក ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាខេត្តស្វាយរៀងសម្រេចបាន ទាំងផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងបានអបអរសាទរចំពោះ លោកប្រធានមន្ទីរដែលទើបទទួលការតែងតាំងថ្មីដែលជាធនធានមនុស្ស ចាំបាច់ក្នុងការរួមចំណែកដឹកនាំ និងគ្រប់គ្រងកិច្ចការអភិវឌ្ឍន៍ជនបទ សម្រាប់ខេត្តស្វាយរៀង។

ទន្ទឹមនោះ លោករដ្ឋមន្រ្តី ក៏បានថ្លែងការកោតសរសើរ និងអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ លោក សំ នីតូ អតីតប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលសម្រេចបានសមិទ្ធផលជាច្រើន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធជនបទដូចជាផ្លូវថ្នល់ អណ្ដូងទឹក បង្គន់អនាម័យ ការងារអភិវឌ្ឍន៍សហគមន៍ នៅតាមតំបន់ជនបទ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងម៉ឹងម៉ាត់ថែរក្សាកេរដំណែលជាប្រវត្តិសាស្រ្ត ដែលកសាងឡើងដោយរាជរដ្ឋាភិបាលនីតិកាលកន្លងមក ជាពិសេសការពារសេចក្តីសុខសន្តិភាព ស្ថិរភាពនយោបាយ និងការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយការដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា (ឌីជីថល), ក្រោមបាវចនា៖កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមសេនាធិការ របស់រាជរដ្ឋាភិបាល កំពុងបន្តអនុវត្តតួនាទី និងភាកិច្ចយ៉ាងសកម្ម ក្រោមចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” តាមរយៈកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង។

ជាចុងក្រោយ លោករដ្ឋមន្រ្ដី ក៏បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន បន្ថែមពីលើការប្ដេជ្ញាចិត្ត របស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទដែលទើបទទទួលបានការតែងតាំង ដើម្បីជាការចង្អុលបង្ហាញច្បាស់លាស់ក្នុងការបំពេញតួនាទី ភារកិច្ច ដោយសាមគ្គីភាពផ្ទៃក្នុងល្អប្រសើរ ដើម្បីឱ្យសម្រេចបានជោគជ័យ មានប្រសិទ្ធភាព តម្លាភាព និងស័ក្តសិទ្ធភាព៕

To Top