ព័ត៌មានជាតិ

លោក កែវ រតនៈ ៖ ការភ្ជាប់ចរន្តអគ្គិសនីពី៥-១០ និង២០អំពែ នឹងមិនគិតថ្លៃសេវា

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានថ្លែងអះអាងថា ការភ្ជាប់ចរន្តអគ្គិសនីសម្រាប់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះចាប់ពីកំលាំង៥ទៅដល់២០អំពែ នឹងមិនគិតថ្លៃសេវាអ្វីនោះទេ ចាប់ពីខែមីនា ឆ្នាំ២០២៦ ខាងមុខ។

ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ចូលរួមបើកសន្និបាតរបស់អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក កែវ រតនៈ ថ្លែងថា ការភ្ជាប់អគ្គិសនីនៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋ ចំពោះកំលាំងចាប់ពី៥ ១០ និង២០អំពែ បានកាត់បន្ថយពេលវេលាហើយ ជាពិសេសគឺមិនគិតកម្រៃសេវាអ្វីទាំងអស់ដែលនឹងអនុវត្តចាប់ពីដើមខែមីនាតទៅ ។

លោកបញ្ជាក់ថា “មានន័យថា៥ អំពែ ១០អំពែ និង២០អំពែ យើងកាត់បន្ថយពេលវេលាពាក់កណ្តាលហើយ យើងអត់យកលុយថ្លៃតចរន្តទៀត ។ មានន័យថា គាត់បង់លុយ១ខែ លុយថ្លៃកក់ហ្នឹងពេលដែលគាត់ឈប់ប្រើគាត់ដកយកទៅវិញបានទេ ប៉ុន្តែថ្លៃភ្ជាប់ចរន្តអត់យកលុយទេ” ។

ចំពោះការភ្ជាប់ចរន្តអគ្គិសនី ឲ្យប្រជាពលរដ្ឋប្រើប្រាស់ចំណាយពេលវេលាច្រើនថ្ងៃនាពេលកន្លងមក និងមានភ្ជាប់ក្រដាសស្នាមជាច្រើននោះ រដ្ឋមន្រ្តីក្រសួងរ៉ែក៏បានអះអាងដែរថា ឥឡូវបានកាត់បន្ថយពេលវេលាមកត្រឹម៥០ភាគរយទេ ។ ជាក់ស្តែង នាពេលកន្លងមក ប្រើពេល១៥ថ្ងៃ សម្រាប់តភ្ជាប់បណ្តាញចរន្តអគ្គិសនីមានកំលាំង៦០អំពែនោះ ឥឡូវបានបង្រួមពេលវេលាឲ្យកាន់តែខ្លីជាមុនហើយ គឺត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ។

លោកបន្តថា នេះគឺជាការកែទម្រង់លើប្រព័ន្ធអគ្គិសនីដើម្បីកាត់បន្ថយភាពអាណាធិបតេយ្យ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ៕

To Top