ក្រសួងព័ត៌មាន កំពុងតាមដានជាប់លាប់ ករណីសមត្ថកិច្ចចាប់ខ្លួនអ្នកព័ត៌មាន នៅបន្ទាយមានជ័យ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ក្រសួងបានតាមដានយ៉ាងជាប់លាប់លើករណីពាក់ព័ន្ធនឹងអ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ដោយបានសហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលព័ត៌មានបន្ថែមជុំវិញករណីនេះ ដោយចាំបាច់ត្រូវពិនិត្យ ស្វែងយល់បន្ថែមអំពីអង្គហេតុ និងអង្គច្បាប់។
ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីអ្នកព័ត៌មាននៅខេត្តបន្ទាយមានជ័យម្នាក់ ឈ្មោះ ហែម វណ្ណា ជាចាងហ្វាងកាសែត HVNN TV Online ត្រូវបានសមត្ថកិច្ចរខេត្តបន្ទាយមានជ័យ ចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» និង «ស្តាប់ឮ និងថតពាក្យសម្ងាត់ឯកជន» បន្ទាប់ពីអ្នកព័ត៌មាផ្សាយព័ត៌មានពីទីតាំងសង្ស័យឆបោកអនឡាញ នៅក្រុងប៉ោយប៉ែត ។
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងព័ត៌មានត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រផ្នែកច្បាប់ ដោយអាចពិនិត្យសំណើមកក្រសួងដើម្បីក្រសួងចូលរួមផ្តល់ការគាំទ្រផ្នែកច្បាប់លើសំណុំរឿង អាចរាប់ទាំងការគាំទ្រក្នុងដំណើរការនីតិវិធីតុលាការ។
អ្នកនាំពាក្យបន្តថា ការពិនិត្យសំណើ ក្រសួងនឹងពិនិត្យមើលលើលក្ខខណ្ឌ ទាំងការអនុវត្តការងារដោយប្រតិបត្តិក្នុងក្របខណ្ឌច្បាប់កំណត់ និងដោយក្រមសីលធម៌ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងចំណោមលក្ខខណ្ឌត្រូវពិនិត្យ។
លោកបញ្ជាក់ថា ទាក់ទងនឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា ដែលរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត បាន និងកំពុងបន្តធ្វើយ៉ាងសកម្ម សស្រាក់សស្រាំ ដែលកិច្ចខិតខំទាំងនេះបានការទទួលស្គាល់ពីបណ្តាប្រទេស និងដៃគូអន្តរជាតិ, ការចូលរួមពីសារព័ត៌មាន ក្នុងការផ្សាយព័ត៌មានដោយមានមូលដ្ឋានព័ត៌មានត្រឹមត្រូវ មានប្រភពព័ត៌មានច្បាស់លាស់ ពិតប្រាកដអាចទុកចិត្តបាន ហើយដោយយក/ប្រមូល និងផ្សាយព័ត៌មានដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ អ្នកសារព័ត៌មាន និងការផ្សាយបែបនេះត្រូវបានលើកទឹកចិត្ត។
ជាមួយគ្នានេះ អ្នកនាំពាក្យក៏បានលើកឡើងពីករណីសហការរវាងសារព័ត៌មាន និងសមត្ថកិច្ចថា នាពេលកន្លងទៅ បន្ថែមលើការស្រាវជ្រាវរបស់ជំនាញរបស់ខ្លួន សមត្ថកិច្ចក៏បានទទួលព័ត៌មានអំពីការឆបោកសម្រាប់ករណីខ្លះ ពីអ្នកកាសែតដែរ ដែលជាការរួមចំណែកព័ត៌មានសម្រាប់ការឆ្លើយតបរបស់អាជ្ញាសមត្ថកិច្ច។
សម្រាប់ករណីនៅបន្ទាយមានជ័យ អ្នកនាំពាក្យក្រសួងព័ត៌មានអំពាវនាវថា «ខ្ញុំសូមស្នើដល់អាជ្ញាធរពាក់ព័ន្ធ សូមមេត្តាផ្តល់អាទិភាពដល់ការធានាតម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់កំណត់ ដោយធានាថាអង្គហេតុ និងអង្គច្បាប់ ក៏ដូចជាព័ត៌មានពាក់ព័ន្ធ និងការស្រាវជ្រាវ ត្រូវបានដាក់បញ្ចូលក្នុងដំណើរការនៃសំណុំរឿង សម្រាប់ការពិនិត្យ និងពិចារណាគ្រប់ជ្រុងជ្រោយ»។
ក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មានឱ្យពង្រឹងការប្រតិបត្តិក្រមសីលធម៌ក្នុងការអនុវត្តការងាររបស់ខ្លួនផងដែរ ។
សូមបញ្ជាក់ថា កម្ពុជាជាប្រទេសរងគ្រោះ ដោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបញ្ហាមានលក្ខណៈអន្តរជាតិ ហើយជាឧក្រិដ្ឋកម្មឆ្លងដែនដែលមានទម្រង់ដ៏ស្មុគ្រស្មាញបំផុត។ ការធ្វើតុល្យភាពរវាងវិជ្ជាជីវៈសារព័ត៌មាន ដែលត្រូវរាយការណ៍ការពិត ស្របតាមនិយាមវិជ្ជាជីវៈ ក្រមសីលធម៌ត្រឹមត្រូវ និងតម្រូវការនៃការធានាប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការច្បាប់របស់សមត្ថកិច្ចជំនាញ គឺជាសិល្បៈនៃការធ្វើការងាររួមគ្នា ដើម្បីឧត្តមប្រយោជន៍សង្គមជាតិ៕
