រដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយ ១.៥លានដុល្លារ ដើម្បីគាំទ្រការស្តារជីវភាពរស់នៅ និងលើកកម្ពស់អាហារូបត្ថម្ភ ក្នុងសហគមន៍ ដែលរងផលប៉ះពាល់ ដោយជម្លោះព្រំដែន
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានជំនួយ ១.៥ លានដុល្លារអាមេរិក ដើម្បីគាំទ្រការស្តារជីវភាពរស់នៅ និង ការលើកកម្ពស់អាហារូបត្ថម្ភ ក្នុងសហគមន៍ ដែលរងផលប៉ះពាល់ ដោយជម្លោះព្រំដែន ក្នុងព្រះរាជាណាចក្រកម្ពុជា។
កិច្ចព្រមព្រៀងនេះបានបញ្ជាក់ជាផ្លូវការ នូវជំនួយជាសាច់ប្រាក់ចំនួន ២២១ លានយេនជប៉ុន (១.៥ លានដុល្លារអាមេរិក) ពីរដ្ឋាភិបាលជប៉ុន ដើម្បីឧបត្ថម្ភ “គម្រោង គាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន ក្នុងព្រះរាជាណាចក្រកម្ពុជា “ ដែលនឹងអនុវត្តដោយ WFP ចាប់ពីខែកុម្ភៈ ២០២៦ ដល់ខែកុម្ភៈ ២០២៧។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការដោយ លោក អឺអិណុ អាហ្សឺហ្ស៉ី (Atsushi UENO) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងលោកស្រី យ៉ុងណាន ផាក (Kyungnan PARK) តំណាងប្រចាំប្រទេសនិងជានាយកប្រតិបត្តិនៃអង្គការ WFP ក្រោមវត្តមានលោក គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទីមួយនៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
គម្រោងនេះនឹងគាំទ្រការស្តារជីវភាព និងអាហារូបត្ថម្ភឡើងវិញនៅខេត្តព្រះវិហារ និង ខេត្តឧត្ដរមានជ័យ ដែលសហគមន៍ត្រូវបានទទួលរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និង បន្តប្រឈមមុខនឹងផលលំបាកផ្សេងៗ ដែលបង្កដោយការខូចខាតប្រព័ន្ធហេត្ថារចនាសម្ព័ន្ធ ការបាត់បង់ មុខរបរចិញ្ចឹមជីវិត និងអសន្តិសុខស្បៀង បន្ទាប់ពី វិវាទនៅខែកក្កដា និងធ្នូ ឆ្នាំ ២០២៥ នៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។ កាលដែលស្ថានភាពជម្លោះបានកើនដល់កម្រិតក្តៅបំផុត នៅខែធ្នូ ឆ្នាំ ២០២៥ នោះ ប្រជាជន ច្រើនជាង ៦០០,០០០ ត្រូវរត់ភាសសឹក ហើយ កម្មករចំណាកស្រុកប្រមាណ៩០០,០០០ នាក់បានត្រឡប់មកពីប្រទេសថៃវិញ ដែលបានបន្ថែមបន្ទុកទៅលើ សេដ្ឋកិច្ចក្នុងសហគមន៍ និងសេវាសង្គម។
តាមរយៈយន្តការជំនួយអាហារសម្រាប់កសាងរចនាសម្ព័ន្ធក្នុងសហគមន៍ឡើងវិញ គម្រោងនេះក៏នឹងអនុញ្ញាតឱ្យគ្រួសារដែលទទួលរងផលប៉ះពាល់ អាចបំពេញតម្រូវការអាហារ និងអាហារូបត្ថម្ភរបស់ពួកគាត់ផង និងអាច ចូលរួមយ៉ាងសកម្មក្នុងការស្ដារឡើងវិញនូវហេត្ថារចនាសម្ព័ន្ធក្នុងសហគមន៍ ដូចជា ផ្លូវថ្នល់ សាលារៀន ប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធទឹកស្អាតផង ។ អ្នកចូលរួមក្នុងគម្រោងនឹងទទួលបានអង្ករលាយមីក្រូសារជាតិ និង ប័ណ្ណប្រាក់សម្រាប់ប្រើក្នុងការទិញម្ហូបដែលសម្យូរដោយអាហារូបត្ថម្ភ ដើម្បីលើកកម្ពស់ទីផ្សារក្នុងសហគមន៍ និងពង្រឹងភាពមាំរបស់ក្រុមគ្រួសារពួកគាត់ ។
ក្នុងរយៈពេល ១២ ខែ នៃគម្រោងនេះ គ្រួសារប្រមាណ ១,៥០០ ដែលត្រូវជា ចំនួនមនុស្សប្រមាណ ៦,០០០ នាក់ នឹង ទទួលបាន អត្ថប្រយោជន៍ផ្ទាល់ដូចជាអង្ករលាយមីក្រូសារជាតិ និង ប័ណ្ណប្រាក់ ប៉ុន្តែហេត្ថារចនាសម្ព័ន្ធក្នុងសហគមន៍ដែលបានស្ដារឡើងវិញនឹងអាចជួយបម្រើដល់ មនុស្សរាប់ពាន់នាក់ទៀត ។ ការយកចិត្តទុកដាក់ពិសេសនឹងត្រូវបានផ្តល់ឱ្យគ្រួសារភាសសឹក កម្មករដែលត្រលប់មកពីប្រទេសថៃវិញ ស្ត្រី កុមារ និងក្រុមមនុស្សដែលមានកង្វះអាហារូបត្ថម្ភ៕
