ព័ត៌មានជាតិ

សហគមន៍អន្តរជាតិ កំពុងផ្តោតលើសកម្មភាពយោធាថៃ បន្តរំលោភបំពានកម្ពុជា

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា បណ្តាអង្គទូតបរទេសប្រចាំកម្ពុជា អង្គការអន្តរជាតិ និងសារព័ត៌មានធំៗ ក្នុងពិភពលោក កំពុងផ្តោតលើសកម្មភាពយោធាថៃ ដែលនៅតែបន្តសកម្មភាព រំលោភបំពានកម្ពុជាឥតឈប់ឈរ តាមរយៈការដាក់ទូកុងតឺន័រ រាយបន្លាលួស និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ទោះបីបទឈប់បាញ់ រវាងកម្ពុជា-ថៃបានចូលជាធរមានកាលពីចុងឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែភាគីថៃនៅតែបន្តបំពានកម្ពុជាជាបន្ត ។ ឯកឧត្តមបន្តថា ការបំពានរបស់ភាគីថៃនេះ មិនអាចរំលងភ្នែកពីសហគមន៍អន្តរជាតិបានឡើយ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា “បណ្តាអង្គទូតបរទេសប្រចាំកម្ពុជា អង្គការអន្តរជាតិ និង សារព័ត៌មានធំៗក្នុងពិភពលោក កំពុងផ្តោតការយកចិត្តទុកដាក់ ទៅលើសកម្មភាពរំលោភបំពាន របស់កងកម្លាំងប្រដាប់អាវុធថៃ មកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការរារាំងពលរដ្ឋភៀសសឹកជាច្រើនម៉ឺននាក់ មិនឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន” ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្មដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី និងការពារ សេចក្តីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការតវ៉ាយ៉ាងខ្លាំងក្លានិងជាផ្លូវការប្រឆាំងនឹងការរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងទីតាំងដែលខ្លួនដណ្តើម កាន់កាប់ដោយខុសច្បាប់ តាមរយៈការប្រើកម្លាំងយោធា។ ការងារនេះត្រូវបានចាត់ទុកជា អាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល៕

To Top