ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ មិនមានគុណភាព បានមកពីសេវាគ្មានសុវត្ថិភាព

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការមិនមានគុណភាព បានមកពីសេវាដែលគ្មានសុវត្ថិភាពនោះទេ ខណៈសុវត្ថិភាពអ្នកជំងឺ គឺជាមូលដ្ឋានគ្រឹះចាំបាច់ នៃដំណើរការថែទាំព្យាបាលដែលសំដៅគុណភាពពិតប្រាកដ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រសល្យសាស្រ្តប្រចាំឆ្នាំ លើកទី២៨ និងសិក្ខាសាលាវិទ្យាសាស្ត្រថែទាំលើកទី១៥ ក្រោមប្រធានបទ៖ «ការអនុវត្តពហុជំនាញនៃវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ» នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃ១២ កុម្ភៈ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីចំណុចដែលគួរចងចាំ ដូចជា គោលការណ៍សុវត្ថិភាពអ្នកជំងឺ «គ្មានគុណភាពឯណា បានមកពីសេវាដែលគ្មានសុវត្ថិភាពនោះទេ»។

លោកគូសបញ្ជាក់ថា សុវត្ថិភាពអ្នកជំងឺមិនមែនជាការងារបន្ថែមនោះទេ គឺជាមូលដ្ឋានគ្រឹះនៃការថែទាំសំដៅគុណភាព។ សុវត្ថិភាពអ្នកជំងឺ គឺជាការងារជាប្រព័ន្ធមួយដែលចាប់ផ្តើមពីថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យគ្រប់កម្រិត ក្នុងការបណ្តុះភាពជាអ្នកដឹកនាំ កសាងវប្បធម៌សុវត្ថិភាព ជំរុញឱ្យបុគ្គលិកចូលរួមមតិយោបល់ ការកាត់បន្ថយកំហុសវេជ្ជសាស្ត្រតាមរយៈ ការអនុវត្តគោលការណ៍ណែនាំ ពិធីសារថែទាំព្យាបាល និងការទទួលខុសត្រូវលើតួនាទីរបស់អ្នកវិជ្ជាជីវៈ ក្នុងការរក្សាសុវត្ថិភាពអ្នកជំងឺ។

សាស្ត្រាចារ្យរដ្ឋមន្រ្តីគូសរំលេចថា ការសាមគ្គីរួបរួមគ្នាជាក្រុមក្នុងរូបភាពជាតួអង្គវេជ្ជសាស្រ្តតែមួយ គឺបង្កើតបានកម្លាំងមួយដ៏ធំ រឹងមាំ ដើម្បីធ្វើឱ្យវិជ្ជាជីវៈនីមួយៗ មានវឌ្ឍនភាពជានិរន្តរ៍។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចផងដែរថា តាមរយៈការជួបនេះ អ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍ល្អៗ ដើម្បីយកទៅអនុវត្តក្នុងការពិនិត្យ ព្យាបាលអ្នកជំងឺប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ ស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះ ៩ចំណុច និងអាទិភាព៣ចំណុច និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

To Top