ព័ត៌មានជាតិ

លោក ហង់ជួន ណារ៉ុន ៖ ការកសាងមូលធនមនុស្ស ត្រូវចាប់ផ្តើមនៅពេលក្មេង កើតបាន១ពាន់ថ្ងៃ

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការកសាងមូលធនមនុស្ស ដែលត្រូវចាប់ផ្តើមពីដំណាក់កាលដំបូងនោះ គឺការថែទាំក្មេងក្នុងរយៈពេល ១០០០ថ្ងៃដំបូង ព្រោះអំឡុងពេលនេះ ជាពេលវេលាខួរក្បាលលូតលាស់ល្អ ។

ក្នុងកម្មវិធីថ្ងៃទី៣ និងជាថ្ងៃចុងក្រោយ នៃសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ លោក ហង់ជួន ណារ៉ុន បានលើកឡើងពីការកសាងមូលធនមនុស្ស ដែលត្រូវចាប់ផ្តើមពីដំណាក់កាលដំបូង ពោលគឺការថែទាំក្មេងក្នុងរយៈពេល ១០០០ថ្ងៃដំបូង ដែលជាពេលវេលាខួរក្បាលកុមារលូតលាស់រហូតដល់ ៩០% ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងអាហារូបត្ថម្ភល្អ។

ឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការអប់រំកម្រិតមត្តេយ្យសិក្សា មិនមែនត្រឹមតែជាការរៀនអក្សរនោះទេ ថែមទាំងជាការបណ្តុះនូវឯករាជ្យភាព ការគ្រប់គ្រងអារម្មណ៍ និងបំណិនដោះស្រាយបញ្ហាតាមរយៈការលេង ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សានៅកម្រិតបឋមសិក្សា និងកម្រិតសិក្សាបន្តបន្ទាប់ទៀត ។

ដើម្បីឆ្លើយតបនឹងស្តង់ដាតំបន់ និងអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីគោលការណ៍សំខាន់ៗដែលផ្តោតលើអន្តរកម្មរវាង៥ កត្តា រួមមាន៖ កត្តាសិស្ស (ចំណេះដឹងនិងអាហារូបត្ថម្ភ), កត្តាគ្រូ (សីលធម៌និងស្តង់ដាវិជ្ជាជីវៈ), កត្តាសាលារៀន (បរិស្ថានសិក្សា ហេដ្ឋារចនាសម្ព័ន្ធ និងនាយកសាលា), កត្តាគ្រួសារ (ការចូលរួមគាំទ្រ) និងកត្តារាជរដ្ឋាភិបាល (គោលនយោបាយនិងការវិនិយោគ)។

ចំពោះកម្រិតមធ្យមសិក្សា ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យបន្តពង្រីកវិសាលភាព សាលារៀនគំរូ និងសាលារៀនជំនាន់ថ្មី តាមរយៈការធ្វើទំនើបកម្មវិធីសិក្សាឱ្យកាន់តែមានភាពទាក់ទាញ និងការប្រើប្រាស់ថ្នាលឌីជីថលដើម្បីបណ្តុះបំណិនសតវត្សទី២១។ ការកែទម្រង់នេះ ត្រូវផ្ដោតលើការរៀបចំតេស្តស្តង់ដា ការពង្រឹង សម្ភារៈឧបទេស និងការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា សម្រាប់គ្រប់គ្រងសាលារៀន ឱ្យមានប្រសិទ្ធភាព៕

To Top