អភិបាលខេត្តតាកែវ ជំរុញឱ្យមន្ទីរកសិកម្ម ពង្រឹងការផលិតពូជបង្កង ដើម្បីបំពេញតម្រូវការទីផ្សារ
តាកែវ ៖ ក្នុងគោលដៅប្រែក្លាយសក្តានុពលបង្កងទឹកសាបឱ្យកាន់តែរីកចម្រើន លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំឱ្យមន្ទីរកសិកម្មខេត្ត បង្កើនការយកចិត្តទុកដាក់លើការផលិតពូជបង្កងឱ្យបានកាន់តែច្រើន និងធានាបាននូវគុណភាពខ្ពស់ ដើម្បីផ្គត់ផ្គង់ដល់ការចិញ្ចឹមរបស់កសិករ និងបំពេញតម្រូវការទីផ្សារ។

ថ្លែងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រចាំឆ្នាំ ២០២៥ និងដាក់ចេញទិសដៅបន្តឆ្នាំ២០២៦ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅសាលាប្រជុំមន្ទីរកសិកម្មខេត្តតាកែវ លោក អភិបាលខេត្ត បានណែនាំដល់កសិកម្មខេត្ត ត្រូវពង្រឹងការផលិតកម្មពូជបង្កងក្នុងស្រុក ឱ្យមានមានបរិមាណច្រើន ដើម្បីកាត់បន្ថយការនាំចូល និងផ្ដល់ភាពងាយស្រួលដល់កសិករចិញ្ចឹម។

លោក វ៉ី សំណាង បន្តថា ចំពោះការចិញ្ចឹមនេះផងដែរ គឺត្រូវផ្ដោតលើគុណភាពជាចម្បង ដោយការចិញ្ចឹមត្រូវគោរពតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីឱ្យបង្កងតាកែវនៅតែរក្សាបាននូវគុណភាព តាមបែបធម្មជាតិ និងមានរសជាតិឆ្ងាញ់ និងត្រូវបង្កើនការចិញ្ចឹមឱ្យបានកាន់តែច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជន និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តតាកែវ។

លោក បានបញ្ជាក់ថា «បើផលិតកម្ម ពូជបង្កងយើងរឹងមាំ នោះការចិញ្ចឹមនឹងកើនឡើង ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ»៕

