ស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្ដបង្ក្រាបក្រុមក្មេងទំនើង ដោយមិនដកដៃឡើយ
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងនគរបាលទាំងអស់ បន្ដស្រាវជ្រាវបង្រ្កាប ក្រុមក្មេងទំនើងឱ្យបានជាដាច់ខាត ដោយមិនដកដៃឡើយ។

ការណែនាំរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា លើកទិសដៅការងារបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរៀបចំពិធីបំពាក់ឋានន្តរសក្តិ វរសេនីយ៍ត្រី ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២រូប នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងជំរុញ ដល់កម្លាំងក្រោមឱវាទ បន្តយកចិត្តទុកដាក់បង្ការទប់ស្កាត់ និងអនុវត្តវិធានការណ៍បង្រ្កាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ផ្អែកលើវិធានការណ៍ជំនាញ និងច្បាប់ដោយម៉ឺងម៉ាត់ ដើម្បីជាការឆ្លើយតបទៅនឹង គោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចុះអនុវត្តអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំដើម្បីធានា សន្តិសុខសុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំ លោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញពាក់ព័ន្ធ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវប្តាជ្ញាបន្តដឹកនាំបង្ការ និងស្រាវជ្រាវបង្រ្កាបក្រុមក្មេងទំនើងឲ្យបានជាដាច់ខាតដោយមិនដកដៃឡើយ បញ្ហាក្មេងទំនើងគេមើលឃើញថាបានបង្កប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាខ្លាំង៕
