ព័ត៌មានជាតិ

អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមហាជនជិត ១៤ម៉ឺននាក់ ក្នុងព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណតំបន់ត្រពាំងក្រម ឆ្នាំ២០២៦ ដើម្បីអភិរក្សមរតកដូនតា និងបង្ហាញស្មារតីសាមគ្គីភាពដ៏អស្ចារ្យ

ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ គឺជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទឹកដីខេត្តត្បូងឃ្មុំ ខណៈដែលតំបន់ត្រពាំងក្រម ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ បានក្លាយជាមហាសមុទ្រមនុស្សយ៉ាងកុះករ ក្នុងព្រឹត្តិការណ៍ «ចាប់ត្រីបែបបុរាណ» ប្រចាំឆ្នាំ២០២៦ ដែលមានអ្នកចូលរួមលើសពីការរំពឹងទុក រហូតដល់ជិត ១៤ម៉ឺននាក់។

ព្រឹត្តិការណ៍ដ៏មហោឡារិកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ហេង សំអាន ប៉ែន កុសល្យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងមហាជនយ៉ាងច្រើនសន្ធឹកសន្ធាប់។

យោងតាមរបាយការណ៍បឋម របស់មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃដដែលនេះ ចំនួនអ្នកចូលរួមសរុបមានរហូតដល់ ១៣៧,៨០០ នាក់ (ស្រី ៧៥,០០០ នាក់) ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៧១៨ នាក់។ តួលេខនេះបង្ហាញពីការកើនឡើងយ៉ាងខ្លាំងដល់ទៅ ៣០.៣៩% បើធៀបនឹងឆ្នាំ២០២៥ ដែលមានអ្នកចូលរួមប្រមាណ ១០៥,៦៧៧ នាក់។ នេះជាសញ្ញាណវិជ្ជមានដ៏ធំធេងសម្រាប់វិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌ក្នុងតំបន់។

មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ លោកអភិបាលខេត្ត បានលើកឡើងថា «ការរៀបចំព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែជាការកម្សាន្តសប្បាយមួយពេលនោះទេ ប៉ុន្តែវាគឺជាសកម្មភាពតបស្នង និងថែរក្សានូវមរតកវប្បធម៌ដ៏មានតម្លៃដែលដូនតាខ្មែរបានបន្សល់ទុកមកឱ្យយើងគ្រប់ជំនាន់»។

លោកអភិបាលខេត្តបានបន្ថែមថា ការប្រើប្រាស់ឧបករណ៍នេសាទបុរាណ មានដូចជា អង្រុត ឈ្នាង និងត្រក គឺជាការបង្ហាញពីអត្តសញ្ញាណជាតិ និងជាការដាស់តឿនឱ្យកូនខ្មែរជំនាន់ក្រោយរួមគ្នាអភិរក្សទម្លាប់នេសាទបែបធម្មជាតិ កុំឱ្យបាត់បង់ទៅតាមឥទ្ធិពលនៃសម័យកាលទំនើប។

នៅតាមផ្ទៃទឹកត្រពាំងក្រមដែលមានទំហំ ១ហិកតា (ក្នុងផ្ទៃដីសរុប ៣០ហិកតា) សំឡេងហ៊ោកញ្ជ្រៀវ និងស្នាមញញឹមបានលេចឡើងគ្រប់ទិសទី។ បងប្អូនប្រជាពលរដ្ឋគ្រប់វ័យបានចុះលុយទឹកដោយដៃកាន់ឧបករណ៍នេសាទបុរាណយ៉ាងស្ទាត់ជំនាញ។ ក្រោយបញ្ចប់ការចាប់ត្រី ក៏មានការរៀបចំពិសារអាហារសាមគ្គីជុំគ្នា និងការប្រគំតន្ត្រីរាំលេងកម្សាន្តយ៉ាងកក់ក្តៅ ដែលបង្ហាញពីស្មារតី «ខ្មែរតែមួយ» យ៉ាងពិតប្រាកដ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ខ្ពស់លើការការពារធនធានមច្ឆជាតិ ដោយបានហាមឃាត់ការនេសាទនៅតំបន់នេះមុនពេលពិធីបុណ្យមកដល់ ដើម្បីធានាថាប្រជាពលរដ្ឋដែលមកចូលរួមនឹងទទួលបានផលត្រីត្រឡប់ទៅផ្ទះវិញ និងបង្កើតបានជាបរិយាកាសដ៏អធិកអធមជារៀងរាល់ឆ្នាំ។

ជារួម ព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណនៅតំបន់ត្រពាំងក្រម ឆ្នាំ២០២៦ នេះ មិនត្រឹមតែទទួលបានជោគជ័យក្នុងទិដ្ឋភាពតួលេខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងមហាជនក្នុងការស្រឡាញ់ និងថែរក្សាអភិរក្សវប្បធម៌ខ្មែរឱ្យនៅគង់វង្សតរៀងទៅ៕

ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល

To Top