អាជ្ញាធរមីនកម្ពុជា និងអង្គការ Exceed Worldwide បន្តគាំទ្រផ្តល់សេវាស្តារកាយនីតិសម្បទា ដល់ជនមានពិការភាពដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានអនុញ្ញាតឱ្យលោក Carson Harte នាយកប្រតិបត្តិអង្គការ Exceed Worldwide ចូលជួបសម្តែងការគួរសម ខណៈភាគីទាំងពីរ បន្តពង្រឹងកិច្ចសហការរវាងគ្នាក្នុងការគាំទ្រផ្តល់សេវាស្តារកាយនីតិសម្បទាដល់ជនមានពិការភាព ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងកិច្ចគាំទ្រដល់សហគមន៍ងាយរងគ្រោះ។

ក្នុងជំនួបនោះ លោក Carson Harte បានធ្វើសេចក្តីរាយការណ៍អំពីការផ្តល់សេវាកម្មដល់ជនមានពិការភាព និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់អាជ្ញាធរមីនដែលបានផ្តល់នូវការគាំទ្រដល់អង្គការ Exceed Worldwide។
ជាមួយគ្នានោះ លោក Carson Harte បានបញ្ជាក់ថា អង្គការ Exceed Worldwide ដែលគ្រប់គ្រងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ កំពង់ឆ្នាំង និងព្រះសីហនុ មានផែនការពង្រីកការផ្តល់សេវាកម្មស្តារកាយនីតិសម្បទានៅតាមមន្ទីរពេទ្យ (Hospital Based Rehabilitation) ដែលស្នើសុំឱ្យមានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ផងដែរ។
លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អង្គការ Exceed Worldwide ដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចគាំពារបីបាច់ថែទាំ និងការផ្តល់សេវាកម្មនានាដល់ជនមានពិការភាព ជាពិសេសជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម រួមទាំងការគាំទ្រសហគមន៍ឱ្យទទួលបាននូវឱកាសអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការងារ ឬការបង្កើតអាជីវកម្មថ្មីៗ ជាដើម។
លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទោះបីកម្ពុជា ទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហាគ្រាប់មីនបានច្រើនយ៉ាងណាក្តី ប៉ុន្តែកម្ពុជានៅតែបន្តរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលនៅសេសសល់ ដែលតម្រូវឱ្យមានការចូលរួមចំណែកពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្នុងការដោះស្រាយ ហើយក្នុងនោះ អង្គការ Exceed Worldwide គឺជាដៃគូមួយក្នុងការផ្តល់សេវាដល់ជនមានពិការភាព ផងដែរ។
ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍ចំពោះផែនការពង្រីកសេវាកម្មរបស់អង្គការ Exceed Worldwide នៅតាមមន្ទីរពេទ្យរដ្ឋ ហើយអាជ្ញាធរមីន និងអង្គការ Exceed Worldwide នឹងបន្តពង្រឹងកិច្ចសហការរវាងគ្នាក្នុងការគាំទ្រផ្តល់សេវាស្តារកាយនីតិសម្បទាដល់ជនមានពិការភាពដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងកិច្ចគាំទ្រដល់សហគមន៍ងាយរងគ្រោះ៕
