ព័ត៌មានជាតិ

ប្រមុខក្រសួងអធិការកិច្ច អញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់ លោក Jose de Venecia

ហ្វីលីពីន៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រួមជាមួយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់ លោក Jose de Venecia អតីតប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋហ្វីលីពីន ស្ថាបនិក និងជាប្រធានកិត្តិយសនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី។

វត្តមានរបស់ថ្នាក់ដឹកនាំទាំងពីរ គឺជាការសម្តែងនូវការគោរព និងវាយតម្លៃខ្ពស់ចំពោះវីរជននយោបាយដ៏ឆ្នើម ជាពិសេស លោក Jose de Venecia គឺជាមិត្តភក្តិដ៏មានជំនឿចិត្ត និងជាដៃគូយុទ្ធសាស្ត្រដែលបានរួមការងារយ៉ាងសកម្មជាមួយ សម្តេចវិបុលបញ្ញា សុខ អាន ក្នុងបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ និងតំបន់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ លោក Jose de Venecia បានអញ្ជើញមកកាន់ប្រទេសកម្ពុជា និងបានបន្សល់ទុកនូវស្នាដៃប្រវត្តិសាស្ត្រជាច្រើនរួមមាន៖
-(១) ការកសាងយន្តការសន្តិភាព និងការផ្សះផ្សា៖ លោកបានសហការយ៉ាងជិតស្និទ្ធជាមួយសម្តេចវិបុលបញ្ញា ក្នុងការបង្កើត “ក្រុមប្រឹក្សាសន្តិភាព និងការផ្សះផ្សាអាស៊ី (APRC)” ដែលជារឿយៗលោកតែងតែលើកតម្កើងកម្ពុជាជា “គំរូនៃសន្តិភាព និងការបង្រួបបង្រួមជាតិ” សម្រាប់ពិភពលោក,
-(២) ការពង្រឹងលទ្ធិប្រជាធិបតេយ្យ៖ លោកបានដឹកនាំគណៈប្រតិភូ ICAPP មកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា រួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០១៣ និងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១៧ ដោយបានវាយតម្លៃខ្ពស់ចំពោះតម្លាភាព និងភាពចាស់ទុំខាងនយោបាយរបស់កម្ពុជា និង
-(៣) ស្ថាបត្យកម្មនយោបាយអាស៊ី៖ ក្នុងនាមជាអនុប្រធាន ICAPP សម្តេចវិបុលបញ្ញា បានធ្វើការរួមគ្នាជាមួយលោក Jose de Venecia ក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី៦ នៅភ្នំពេញ កាលពីឆ្នាំ ២០១០ ដែលជាជោគជ័យដ៏ធំធេងក្នុងការតភ្ជាប់ទំនាក់ទំនងរវាងគណបក្សនយោបាយទូទាំងអាស៊ី។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកទាំងពីរបានពាំនាំនូវការរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនហ្វីលីពីន ចំពោះការបាត់បង់ថ្នាក់ដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងជាអ្នកកសាងស្ពានមិត្តភាពដែលមិនអាចបំភ្លេចបានរវាងកម្ពុជា និងហ្វីលីពីន៕

To Top