ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រគល់ ទទួលផ្លូវការនូវជំនួយសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និង លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោក ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ជំនួយសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាពអន្តរជាតិ និងការរួមចំណែកដ៏មានអត្ថន័យ សំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាមូលដ្ឋានគ្រឹះ ក្នុងការធានាស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននៅព្រះរាជាណាចក្រកម្ពុជា។
ប្រធាន គ.ជ.ប បានរំឭកអំពីការរួមចំណែក របស់ប្រទេសជប៉ុន ដែលតាមរយៈការអនុវត្តជំនួយ ODA ប្រទេសជប៉ុនតែងតែផ្តល់ការគាំទ្រចំពោះ គ.ជ.ប ជាហូរហែ ចាប់តាំងពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី២ ឆ្នាំ១៩៩៨ ដែល គ.ជ.ប រៀបចំដោយខ្លួនឯង ជាលើកដំបូង មានជាអាទិ៍ ការផ្តល់ជំនួយជាសម្ភារ បរិក្ខារបច្ចេកទេស អ្នកជំនាញការ ការងារអប់រំអ្នកបោះឆ្នោត ការបណ្តុះបណ្តាលមន្រ្តី គ.ជ.ប ព្រមទាំងដំណើរទស្សនកិច្ចសិក្សា និងសង្កេតការណ៍បោះឆ្នោតដោយផ្ទាល់នៅប្រទេសជប៉ុនជាដើម។ ឯកឧត្ដមបានបន្ថែមថា កាលពីចុងឆ្នាំ២០១៥ ប្រទេសជប៉ុន ក៏ធ្លាប់បានផ្តល់ជំនួយជាសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) ដើម្បីប្រើប្រាស់ ក្នុងការអនុវត្តការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ហើយបញ្ជីបោះឆ្នោតថ្មីនេះ គ.ជ.ប បានបន្តធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ និងបានយកទៅប្រើប្រាស់ ក្នុងការបោះឆ្នោតទាំងសកល ទាំងអសកលសរុបចំនួនប្រាំបី លើករួចមកហើយ។
លោក ប្រាជ្ញ ចន្ទ បានសង្កត់ធ្ងន់ថា ជំនួយសម្ភារ បរិក្ខារបច្ចេកទេសរបស់ប្រទេសជប៉ុននេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ គ.ជ.ប ដែលគាំទ្រដល់ការធ្វើកំណែទម្រង់ និងទំនើបកម្មដំណើរការបោះឆ្នោត ឆ្ពោះទៅរៀបចំការបោះឆ្នោតសកល នាឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ សំដៅលើកកម្ពស់ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ព្រមទាំងតម្លាភាពក្នុងការរៀបចំ ការចាត់ចែង និងការគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជា និងការបង្កើនទំនុកចិត្តមកលើលទ្ធផលនៃការបោះឆ្នោត។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានមានប្រសាសន៍ថា ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌ ការប្រើប្រាស់ប្រព័ន្ធដែលមានលក្ខណៈរឹងមាំ និងសុវត្ថិភាព សម្រាប់ការគ្រប់គ្រងទិន្នន័យ អ្នកបោះឆ្នោត គឺពិតជាមានសារៈសំខាន់ណាស់ ដូច្នេះហើយទើបរដ្ឋាភិបាលជប៉ុន បានសម្រេចបន្តផ្ដល់ជំនួយសម្ភារ និងបរិក្ខារបច្ចេកទេសសុវត្ថិភាព ពាក់ព័ន្ធនៃម៉ាស៊ីនមេ (Servers) នេះ។ ឯកឧត្ដមឯកអគ្គរាជទូត មានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ដែលចាត់ជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នឹងបន្តអភិវឌ្ឍ និងពង្រឹងបន្ថែមទៀត ដែលនឹងនាំឱ្យប្រទេសទាំងពីរ កាន់តែមានអនាគតភ្លឺស្វាង។
លោក ប្រាជ្ញ ចន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយឧបត្ថម្ភនូវជំនួយដ៏ថ្លៃថ្លានេះ និងសម្ដែងនូវអំណរគុណចំពោះ លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) និងមន្រ្តីស្ថានទូតទាំងអស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ព្រមទាំងទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការអនុវត្តកម្មវិធី ODA របស់ជប៉ុន មូលនិធិ JICS និងក្រុមហ៊ុន KDDI Asia Pacific ដែលខិតខំអនុវត្តគម្រោងផ្តល់ជំនួយសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដល់ គ.ជ.ប តាំងពីដំណាក់កាលចាប់ផ្តើម រហូតដល់បានសម្រេច៕















