អភិបាលខេត្តកំពង់ចាម ៖ ស.ស.យ.ក ជាតួអង្គមួយដ៏សំខាន់ក្នុងការអភិវឌ្ឍនូវសមិទ្ធផលជាច្រើន ដែលខេត្តកំពង់ចាមសម្រេចបាន
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ស.ស.យ.ក ជាតួអង្គមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍នូវសមិទ្ធផលជាច្រើន ដែលខេត្តកំពង់ចាមសម្រេចបានកន្លងទៅ ។

លោក អ៊ុន ចាន់ដា បានលើកឡើងដូច្នេះ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមប្រចាំឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៦ នៅស្នាក់ការ ស.ស.យ.ក ខេត្តកំពង់ចាម ។

លោកអភិបាលខេត្តបានថ្លែងថា កិច្ចប្រជុំនេះក៏ត្រូវបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏វិសេសវិសាល ដែលខេត្តកំពង់ចាម សម្រេចបាននូវសមិទ្ធផលជាច្រើនជូនដល់ប្រជាពលរដ្ឋ នៅក្នុងឆ្នាំ២០២៥កន្លងទៅ រួមមានវឌ្ឍនភាពខាងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។ ផ្លូវ ថ្នល់ ស្ពាន សាលារៀន មណ្ឌលសុខភាព វត្តអារាម វិហារសាសនា និងហេដ្ឋរចនាសម្ព័ន្ធសាធារណៈនានា ត្រូវបានកសាងឡើងដើម្បីបំពេញតម្រូវការនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ។

លោកអភិបាលខេត្តបន្តថា ការកែលម្អ និងអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ត្រូវបានយកចិត្តទុកដាក់លើសពេលណាៗទាំងអស់។ហេដ្ឋារចនាសម្ព័ន្ធ និងយន្តការនៃការលើកកម្ពស់វិស័យបរិស្ថាន និងអនាម័យ ជាពិសេសទីលានចាក់សំរាមស្ដង់ដាត្រូវបានកសាងឡើង ។ ការផ្តល់សេវាសង្គមជូនដល់ប្រជាពលរដ្ឋបានទទួលនូវការសាទរកាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។ អំពីការលើកកម្ពស់វិស័យសេដ្ឋកិច្ច ចំណូលថវិកាសរុបក្នុងខេត្តកំពង់ចាមឆ្នាំ២០២៥ កន្លងទៅសម្រេចបានប្រមាណ ២.៨ពាន់លានដុល្លារអាមេរិក ហើយចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់ៗបានកើនឡើងដល់រង្វង់ ២.៣០០ដុល្លារអាមេរិក ដែលកាលពីឆ្នាំ២០២៤ ចំណូលថវិកាសរុបក្នុងខេត្តមានតែប្រមាណ ២ពាន់លានដុល្លារ និងចំណូលប្រចាំរបស់ប្រជាពលរដ្ឋម្នាក់ៗមានតែប្រមាណ ២.២០០ដុល្លារអាមេរិកប៉ុណ្ណោះ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា បើទោះបីជា សមិទ្ធផល និងជោគជ័យទាំងនេះ សម្រេចបានដោយសារការខិតខំប្រឹងប្រែងក្នុងការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ក៏ដោយ ក៏លោកជឿជាក់ថា អង្គភាព ស.ស.យ.ក ក៏ជាតួអង្គមួយដ៏សំខាន់ដែរ ក្នុងការកសាងនូវវឌ្ឍនភាពទាំងនេះ៕
អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
