ភ្នំពេញ ៖ កម្ពុជា និងជប៉ុនបានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញកិច្ចខិតខំប្រឹងប្រែងទ្វេភាគីក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ការវិនិយោគបៃតង និងការបញ្ចេញកាបូនទាប។

ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដែលគ្របដណ្តប់លើវិស័យអាទិភាពចំនួន ៦ ក្នុងគោលបំណង លើកកម្ពស់ការការពារបរិស្ថាន អភិរក្សជីវៈចម្រុះនិងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រតិភូកម្ពុជា បានទៅទស្សនារោងចក្រផលិតឡដុតកាកសំណល់វេជ្ជសាស្ត្រ និងប្លាស្ទិក ដែលដំណើរការដោយមិនបញ្ចេញផ្សែង។ កម្ពុជាបានពិនិត្យ និងបានបញ្ជាទិញដើម្បីយកមកប្រើប្រាស់ គោលដៅធានាឱ្យបានថា នៅតាមបណ្តាស្រុកនីមួយៗនឹងមានឡដុតសំណល់មួយនាពេលអនាគត។

កម្ពុជាក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តផ្នែកបរិស្ថានរបស់ខ្លួន រួមទាំងគោលដៅជាតិក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ២០៣៥ ក្នុងវិស័យថាមពល ឧស្សាហកម្ម កសិកម្ម និងសំណល់ផងដែរ។


លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា កម្ពុជាកំពុងជំរុញយុទ្ធនាការអាទិភាពដែលធានាការកាត់បន្ថយសំណល់ប្លាស្ទិក និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ព្រមទាំងធ្វើទំនើបកម្មប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់ ដី និងទឹក ដើម្បីការពារសុខភាពសាធារណៈ និងប្រព័ន្ធអេកូឡូស៊ី៕
