ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងដាក់ទិសដៅពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ទូទាំងខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសុក្រទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែកុម្ភៈ ព្រមទាំងដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកស្នងការរងតាមផែនការងារជំនាញ លោកនាយការិយាល័យ លោកអធិការ និងអធិការរងក្រុង-ស្រុក ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤៩ ឃុំ-សង្កាត់ ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍ដែលបានលើកឡើងក្នុងអង្គប្រជុំ បានបង្ហាញថា ស្ថានភាពបទល្មើសក្នុងខែកុម្ភៈ ឆ្នាំ២០២៦ នេះ មានការកើនឡើង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។ កត្តានេះតម្រូវឱ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការណ៍ក្តៅ ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងក្រោមឱវាទ ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល លើចំណុចសំខាន់ៗដូចខាងក្រោម
គ្រប់គ្រងស្ថិតិឱ្យបានច្បាស់លាស់ ត្រូវចុះប្រមូលទិន្នន័យស្ថិតិប្រជាពលរដ្ឋ និងជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានឱ្យបានហ្មត់ចត់ ដើម្បីបង្ការ និងជៀសវាងការប្រើប្រាស់ទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Scam Online)។

បន្តបង្កើនសមត្ថភាព និងយកចិត្តទុកដាក់ខ្ពស់លើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសលួច ឆក់ ប្លន់​ក្មេងទំនើង គ្រឿងញៀន។
ត្រូវជំរុញការផ្សព្វផ្សាយឱ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋ សិស្សានុសិស្សតាមសាលារៀនអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃសារធាតុញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ។

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានកោតសរសើរដល់មន្ត្រីដែលបានខិតខំបំពេញភារកិច្ចកន្លងមក និងបានរំលឹកដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៕

ប្រភព÷ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top