ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យបើកការដ្ឋានស្ថាបនាផ្លូវក្រាលដីល្បាយក្រួសជាង ៤គីឡូម៉ែត្រ ក្នុងតំបន់ដីសម្បទានសង្គមកិច្ច ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ ចុះពិនិត្យការបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ (មាន ៨កំណាត់) ប្រវែង សរុប ៤,៣៦៥ម ទទឹង ៨ម កម្រាស់ ០,២ម សាងសង់លូមូលមុខមួយចំនួន ១៤កន្លែង ផ្លាកសញ្ញាចរាចរណ៍ចំនួន ៤៨ផ្លាក និងផ្លាកឈ្មោះផ្លូវចំនួន ១កន្លែង ស្ថិតនៅគម្រោងដីសម្បទានសង្គមកិច្ច ក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការ បានពាំនាំនូវការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ ឱ្យកាន់តែរីកចម្រើន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ។

ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ លោករដ្ឋលេខាធិការ ក៏បានពន្យល់ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដើម្បីការពារអធិបតេយ្យភាពជាតិ និងរក្សាបាននូវកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។

លោកក៏បានគូសបញ្ជាក់ដែរថា ការបើកការដ្ឋានស្ថាបនាផ្លូវក្រាលដីល្បាយក្រួស១ ខ្សែ នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងលេចរូបរាងឡើង ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្អូនប្រជាពលរដ្ឋ ដែលបានស្នើសុំនាពេលកន្លងមក ដែលក្រសួងអភិវឌ្ឍន៍ជនបទ មានកិច្ចសម្របសម្រួលពីមន្ទីរអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងមូលដ្ឋានគម្រោងដីសម្បទានសង្គមកិច្ច ក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ជាពិសេសក្នុងការដោះស្រាយ និងឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការក្នុងការប្រើប្រាស់ផ្លូវមួយខ្សែនេះ ។

បន្ថែមលើនេះ លោក រដ្ឋលេខាធិការ បានសម្តែងនូវការអបអរសាទរ និងសប្បាយរីករាយជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ដោយឯកឧត្តមបានបញ្ជាក់ថា គម្រោងស្ថាបនានេះ មិនមែនជាគម្រោងចុងក្រោយនោះទេ វាជាជំហានបឋមដែលយើងនឹងត្រូវខិតខំប្រែក្លាយពីផ្លូវដី មកជាផ្លូវក្រាលល្បាយក្រួស ហើយទៅថ្ងៃខាងមុខ យើងនឹងបន្តប្រែក្លាយទៅជាផ្លូវចាក់បេតុង ឬកៅស៊ូតែម្ដង ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ និងការដឹកជញ្ជូនដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ៕




ដោយ៖ គង្គា/ត្បូងឃ្មុំ/ដើមអម្ពិល/
