ព័ត៌មានជាតិ

កម្ពុជា ទាមទារឱ្យថៃ បញ្ឈប់នូវសកម្មភាពល្បាត ដោយខុសច្បាប់ ​នៅក្នុងដែនសមុទ្រកម្ពុជា

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការ ចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវា កងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។

សកម្មភាពរបស់ទ័ពជើងទឹកថៃ រួមមានទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ ព្រមទាំងការរឹបអូសនាវានេសាទ របស់ពលរដ្ឋខ្មែរទាំងនេះ ត្រង់ទីតាំងស្ថិតនៅចម្ងាយប្រហែល ៧.២ ម៉ៃល៍សមុទ្រ ពីកោះយ៉រ ខេត្តកោះកុង នៃប្រទេសកម្ពុជា។ សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងច្បាស់លាស់លើ អធិបតេយ្យ និងដែនទឹករបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានបញ្ជាក់ថា «កម្ពុជា បានទាមទារឱ្យប្រទេសថៃ ដោះលែងពលរដ្ឋកម្ពុជានិងនាវានេសាទរបស់ពួកគេជាបន្ទាន់ បញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជាសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនសមុទ្រ កម្ពុជានិងចាត់វិធានការសមស្របដើម្បីទប់ស្កាត់ មិនឱ្យសកម្មភាពបែបនេះ កើតជាថ្មីនាពេលអនាគត»៕

To Top