ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការត្រួតពិនិត្យ ជនបរទេស ដើម្បីទប់ស្កាត់បទល្មើស Online Scams

បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ស្ដីពីការដាក់ចេញ ផែនការត្រួតពិនិត្យជនបរទេស ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

ពិធីនេះ ក៏មានការចូលរួមពីអភិបាលរង ស្នងការ ដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត អភិបាលក្រុង-ស្រុក ពាក់ព័ន្ធ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់គ្រប់គោលដៅត្រួតពិនិត្យ២៤ម៉ោងលើ ២៤ម៉ោង រាល់ជនបរទេសដែលឆ្លងកាត់ចូលមកខេត្តបន្ទាយមានជ័យ ត្រូវពិនិត្យឯកសារពាក់ព័ន្ធ របស់ជនបរទេសទាំងអស់នោះ។ បើចូលមកបម្រើការនៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវសួរព័ត៌មានពាក់ព័ន្ធកន្លែងបំពេញ ការងារនៅទីតាំងណា ត្រូវមានការធានាពីម្ចាស់ក្រុមហ៊ុន ឬសហគ្រាស ដើម្បីធានាឱ្យបាននូវបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

សូមបញ្ជាក់ថា ក្រោយពេលដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវផែនការយ៉ាងមុតស្រួច ក្នុងការបង្ក្រាបប្រយុទ្ធ ប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញទូទាំងប្រទេស ក្នុងនោះរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការបន្ថែមនៅទីតាំងត្រួតពិនិត្យគ្រប់ច្រកល្ហក ត្រួតពិនិត្យជនបរទេសឆ្លង កាត់ចូលមកខេត្តបន្ទាយមានជ័យ៕

To Top