ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ប្តេជ្ញាបន្តយកចិត្តទុកដាក់ ដោះស្រាយបញ្ហា បង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាម កម្ពុជា-ថៃ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហាបង្កឡើង ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម កម្ពុជា-ថៃ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន (២៤ កុម្ភៈ ២០២៦) ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព» សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាបានទទួលរងគ្រោះធ្ងន់ធ្ងរពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយយោធាថៃ បានរំលោភបំពានមកលើអធិបតេយ្យភាពជាតិកម្ពុជា និងបានប្រើប្រាស់គ្រាប់បែកចង្កោម គ្រាប់ផ្លោង គ្រាប់ទម្លាក់ និងគ្រាប់ផ្សេងទៀត ដែលបានបំផ្លិចបំផ្លាញលំនៅឋាន ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា មណ្ឌលសុខភាព សាលារៀន វត្តអារាម ប្រាសាទបុរាណ និងបានបង្ខំឱ្យប្រជាជនរាប់ម៉ឺនគ្រួសារត្រូវជម្លៀស ទៅកាន់ទីតាំងសុវត្ថិភាព។

សម្ដេចធិបតី បន្ដថា គ្រាប់ទាំងនោះ មានមួយចំនួននៅមិនទាន់ផ្ទុះ និងស្ថិតនៅរាយប៉ាយជាច្រើនទីតាំង ដែលអាចបណ្តាលឱ្យផ្ទុះ និងបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។ ជាក់ស្តែង កន្លងមកនេះ មានករណីប្រជាពលរដ្ឋស៊ីវិល បានទទួលរងគ្រោះស្លាប់ និងរបួស ដោយសារគ្រាប់បែកចង្កោមដែលនៅសេសសល់ទាំងនោះ។

សម្ដេចធិបតី បន្ថែមថា ផ្ទៃដីរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើនគីឡូម៉ែត្រការ៉េទៀត ដែលមិនទាន់បានបោសសម្អាតរួច និងផ្ទៃដីដែលសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់មិនទាន់ផ្ទុះ បន្សល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលត្រូវស្រាវជ្រាវបន្ត ធ្វើឱ្យការគំរាមកំហែងនៅមានទំហំធំធេង ដែលទាមទារឱ្យរាជរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅ «ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហា ដែលបង្កឡើង ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ និង គោលនយោបាយជាតិ ស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ដែលនឹងត្រូវអនុម័តនាពេលខាងមុខ។

To Top