រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុញ្ញាតឱ្យលោកបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ជួបសម្តែងការគួរសមពិភាក្សា និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យ លោកបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (SANTO Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ក្នុងជំនួបនេះ លោករដ្ឋមន្រី្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកយ៉ាងសកម្មរបស់ លោកបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (SANTO Darmosumarto) ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានៅក្នុងអាណត្តិការទូតរបស់លោក។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃការកែទម្រង់ស្ថាប័ន និងការដាក់ចេញនូវយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច ដើម្បីពង្រឹងអភិបាលកិច្ចស្អាតស្អំ និងតម្លាភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ចរវាងស្ថាប័ននៃប្រទេសទាំងពីរនាពេលអនាគតផងដែរ៕






