លោក ប៊ិន ត្រឈៃ៖ អគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ សម្រេចបាន១០០% នូវទិសដៅការងារទាំង១៨ ក្នុងឆ្នាំ២០២៥
ភ្នំពេញ៖ ថ្លែងពីសមិទ្ធលសម្រេចបាន របស់ក្រសួងផែនការ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានផែនការ សម្រេចបាន១០០%នូវទិសដៅការងារទាំង១៨ ដែលបានលើកសម្រាប់ឆ្នាំ២០២៥ ។

ការថ្លែងរបស់លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញប្រកាសបើកសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលរៀបចំឡើងរយៈពេល២ថ្ងៃ ពីថ្ងៃទី២៣ និងថ្ងៃទី២៤ ។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងផែនការ មានតួនាទីសំខាន់ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំ សម្រប សម្រួលការរៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល, ការងារ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ការងារលើកកម្ពស់អាហារូបត្ថម្ភ, ការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិ និងការងារផលិតនិងផ្សព្វផ្សាយស្ថិតិជាតិ លើវិស័យចម្បងៗ រួមមានៈ ស្ថិតិប្រជាសាស្ត្រ, សុខភាព, សេដ្ឋកិច្ច, សង្គមកិច្ច, និងកសិកម្ម សម្រាប់ក្រសួង ស្ថាប័ននានា និងតួអង្គពាក់ព័ន្ធប្រើប្រាស់ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានត្រួតពិនិត្យនិងវាយតម្លៃ តាមវិស័យរបស់ខ្លួន ។

ជាមួយគ្នានេះ លោក ប៊ិន ត្រឈៃ បានថ្លែងអំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ចង្អុលបង្ហាញឱ្យក្រសួងផែនការ ដឹកនាំ និងសម្របសម្រួលកម្រិតបច្ចេកទេស ក្នុងការរៀបចំផែនការសកម្មភាព និងសូចនាករសមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន ព្រមទាំងផ្គូរផ្គង និងតម្រឹម ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និង ផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍតាមវិស័យ ដោយមានការចូលរួមពីស្ថាប័នគោលនយោបាយ ស្ថាប័នថវិកា និងស្ថាប័នជំនាញ ដើម្បីធ្វើឱ្យមានសង្គតិភាព និងប្រសិទ្ធភាព និងធានាសហថាមភាព នៃសកម្មភាព ដែលមានលក្ខណៈអន្តរវិស័យ និងប្រទាក់ក្រឡាគ្នា។

ក្នុងនោះលោក រដ្ឋមន្ត្រី ប៊ិន ត្រឈៃ បានថ្លែងអំពីសមិទ្ធផលដែលអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការបានសម្រេចបាន ១០០% នូវទិសដៅការងារទាំង១៨ ដែលបានលើកឡើងសម្រាប់ឆ្នាំ២០២៥ ។

សមិទ្ធផលដែលសម្រេចបានទាំងនោះ ក៏មានការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលបានចងក្រងទិន្នន័យគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធគាំពារសង្គម។ បច្ចុប្បន្ន គ្រួសារចំនួន ៧២២ ៧៥០ គ្រួសារ ទទួលបានបណ្ណសមធម៌ និងចំនួន ២៩០ ៧៨៣គ្រួសារ ទទួលបានបណ្ណសម្គាល់ គ្រួសារងាយរងហានិភ័យ ដែលក្នុងឆ្នាំ២០២៥ គ្រួសារចំនួន ២០៦ ៥០២ គ្រួសារ ទទួលបាន បណ្ណសមធម៌ និង ៧០ ២៨១គ្រួសារ ទទួលបានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ។




បន្ថែមលើនេះ លោក ប៊ិន ត្រឈៃ ក៏បានបញ្ជាក់ថា ការងារវាស់វែងភាពក្រីក្រនៅកម្ពុជា ដែលបច្ចុប្បន្នក្រុមការងារក្រសួងផែនការ កំពុងរៀបចំ វិធីសាស្ត្រគណនាឡើងវិញ៕
