ព័ត៌មានជាតិ

វីតាល់ បន្តកិច្ចសហការ ជាមួយកាកបាទក្រហម ផ្សព្វផ្សាយទិវាជាតិសុខភាពមាតា ទារក និងកុមារ

ភ្នំពេញ ៖ វីតាល់ បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ កាកបាទក្រហមកម្ពុជា ផ្ដួចផ្ដើមរៀបចំកម្មវិធី សំណេះសំណាល និងសួរសុខទុក្ខ ស្ត្រីមានផ្ទៃពោះ និងសម្រាលកូន ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ» នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកុមារជាតិ ដោយមានបុគ្គលិកនៃស្ថាប័នទាំង ៣ ក្រុមគ្រូពេទ្យ-ឆ្មប ស្ត្រីពពោះ អាណាព្យាបាល ចូលរួមប្រមាណជាង ៣០០នាក់ ។

កម្មវិធីនេះទទួលបានការចូលរួម ក្រោមអធិបតីភាព របស់ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ; លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់); លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរ ពេទ្យកុមារជាតិ ព្រមទាំងលោក លោកស្រី ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ លោក លោកស្រី ថ្នាក់ដឹកនាំក្រុមហ៊ុន វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប នៃមន្ទីរពេទ្យកុមារជាតិ និងស្ត្រីពពោះ អាណាព្យាបាលក្រុមគ្រួសារជាច្រើនរូប ។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការថែទាំសុខភាពមាតា និងទារក ព្រមទាំងបង្ហាញពីការចូលរួមយ៉ាងសកម្ម របស់វិស័យឯកជន ក្នុងការគាំទ្រដល់សុខុមាលភាពស្ត្រី ទារក និងកុមារ នៅកម្ពុជា តាមរយៈមូលនិធិ ២៥រៀល របស់វីតាល់ ។

លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរៀបចំ អនុវត្តន៍ការងារ របស់មន្ទីរពេទ្យកុមារជាតិ ដែលបានផ្ដល់ជូននូវសេវាពិនិត្យសុខភាពជាប្រចាំ និងសេវាផ្តល់កំណើតជូនស្ត្រី រួមជាមួយសេវាតំហែទាំសុខភាពមាតា ទារក បន្ទាប់ពីសម្រាលរួច និង កុមារប្រកបដោយប្រសិទ្ធិភាព ស្មារតីទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈ។
លោកស្រី បន្តលើកទឹកចិត្តឱ្យអ្នកម្តាយគ្រប់រូប ទទួលទានចំណីអាហារដែលមានសារធាតុចិញ្ចឹមប្រកបដោយអនាម័យខ្ពស់ និងពិសាទឹក ដែលមានគុណភាពខ្ពស់ដូចជាវីតាល់ ឱ្យបានគ្រប់គ្រាន់ជាប្រចាំ ដើម្បីទ្រទ្រង់ជីវិត និងការលូតលាស់របស់ទារកឱ្យបានល្អប្រសើរ ព្រោះសុខភាពរបស់ទារក-កុមារ គឺជាទ្រព្យធនយុទ្ធសាស្ត្រ ដែលអនាគតនៃប្រទេសជាតិពឹងផ្អែកលើ ដូចនេះយើងទាំងអស់គ្នាត្រូវតែរួមគ្នា ថែទាំពួកគាត់ឱ្យបានល្អ ជាទីបំផុត ។

លោកស្រីបានបន្ថែមថា ការវិនិយោគធនធាន និងការខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សេវាថែទាំសុខភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងការចូលរួម ពីវិស័យឯកជន អង្គការសង្គមស៊ីវិល និងមាតាបិតាផ្ទាល់ នឹងរួមចំណែកធ្វើឱ្យប្រព័ន្ធថែទាំសុខភាពកាន់តែមានលក្ខណៈបរិយាប័ន្ន និងភាពធន់។ ជាមួយគ្នានេះ តាមរយៈមូលនិធិ២៥រៀល វីតាល់បានតាំងចិត្ត ក្នុងការបន្តគាំទ្រ និងបង្កើតឱ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចការងារ សង្គមឱ្យកាន់តែទូលំទូលាយ ពិសេសលើសុខុមាលភាពសង្គម ដែលមាន សុខភាពមាតា ទារក និងកុមារ ។

លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ភ្ជាប់មកនូវសារអំពាវនាវថា ទោះក្នុងកាលៈទេសៈណាក៏ដោយ សូមពង្រឹងការប្តេជ្ញាចិត្ត និងធ្វើសកម្មភាពរួមគ្នា ក្នុងការលើកកម្ពស់ការយល់ដឹង ដល់ការថែទាំមុនសម្រាល និងការពិនិត្យសុខភាពទាំងម្តាយ និងកូនក្នុងផ្ទៃជាប្រចាំ ដែលជាអន្តរាគមន៍ធានាសុវត្ថិភាពទាំងម្តាយនិងកូន ថែមទាំងចូលរួមផ្តល់ការគាំទ្រអាហារូបត្ថម្ភ លើកកម្ពស់សុខភាពផ្លូវចិត្ត និងរៀបចំគ្រួសារ សម្រាប់ការសម្រាលកូនដោយសុវត្ថិភាព។ ជាមួយគ្នានេះ លោកស្រី បានថ្លែងអំណរគុណ ចំពោះមន្ទីរពេទ្យកុមារជាតិ ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅ ក្នុងការរៀបចំពិធី និងជួយសម្របសម្រួល ផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ យ៉ាងសកម្ម ហើយជាពិសេសថ្លែង នូវការកោតសរសើរ និងអំណរគុណ ចំពោះលោកស្រីនាយិកាប្រតិបត្តិ ក្រុមហ៊ុនវ័ន ម៉រ គ្រុប(វីតាល់) ដែលបានរួមចំណែកជានិច្ចកាល ជាដៃគូយុទ្ធសាស្ត្រ នៃទិវាជាតិសុខភាព មាតា ទារក និងកុមារ ជាមួយកាកបាទ ក្រហមកម្ពុជា ក្នុងការរៀបចំកម្មវិធីសំណេះសំណាល សួរសុខទុក្ខ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ជារៀងរាល់ឆ្នាំកន្លងមកនេះផងដែរ ។

គួរបញ្ជាក់ដែរថា វីតាល់ ជាក្រុមហ៊ុនទឹកពិសា ដែលមានមូលនិធិ ២៥រៀល ជានិច្ចកាល បន្តរក្សាមូលដ្ឋាន នៃការប្រើប្រាស់មូលធន ដល់ការចូលរួម លើកិច្ចការងារ សុខុមាលភាពសង្គមនៃវិស័យសុខាភិបាល ។ រាល់ការជាវទឹកពិសាវីតាល់ ១ដប លោកអ្នកបានចូលរួម ចំណែកបរិច្ចាគចំនួន២៥រៀល ទៅក្នុងកិច្ចការសង្គមនានា ។ វីតាល់ ជាផលិតផលទឹកពិសា ក្នុងស្រុក ដែលបានឆ្លងកាត់ប្រព័ន្ធបន្សុទ្ធទឹក ១២ដំណាក់កាល យ៉ាងទំនើបដោយ បច្ចេកវិទ្យាពីសហគមន៍អ៊ឺរ៉ុបមានប្រទេសអាឡឺម៉ង់ អ៊ីតាលី ធានាបាននូវគុណភាពខ្ពស់ ហើយក៏ជាជម្រើសដ៏ស័ក្កិសមសម្រាប់ ម្តាយ និងទារកទាំងអស់ ក្នុងការទទួលទានទឹកស្អាត សម្រាប់សុខភាពប្រចាំថ្ងៃ ។ ថ្មីៗនេះ វីតាល់ ត្រូវបានទទួលស្គាល់ជាសកល ជាផលិតផលទឹកពិសាមានគុណភាពខ្ពស់ និងសុវត្ថិភាពខ្ពស់បញ្ជាក់ ដោយស្ថាប័នវាយតម្លៃគុណភាពម្ហូបអាហារ NSF ពីសហរដ្ឋអាម៉េរិក និងសហភាពអ៊ឺរ៉ុប បន្ថែមពីលើការទទួលស្គាល់ លើគុណភាពផ្សេងៗទៀតកន្លងមក ដូចជា វិញ្ញាបនបត្រពីចក្រភពអង់គ្លេស, ពានរង្វាន់គុណភាពពិភពលោក និងស្តង់ដាកម្ពុជា។ វីតាល់ មោទនភាព ផលិតផលជាតិ ៕

To Top