ព័ត៌មានជាតិ

កម្លាំងកងរាជអាធហត្ថខេត្តកំពង់ស្ពឺ ចុះ​អន្តរាគមន៍​ឃាត់ខ្លួន បុរសម្នាក់ដែលធ្វើសកម្មភាពទាញកាំបិតដេញកាប់ម្តាយបង្កើត​ខ្លួនឯង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត

កំពង់ស្ពឺ៖ ដោយ​អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់​របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦​​​​ នាវេលាម៉ោង១៣:១០នាទី កន្លងមកនេះ បន្ទាប់ពីបានទទួលនូវពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សន ព្រឹម ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអំពិលក្តា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ​ កម្លាំងកងរាជអាធហត្ថខេត្តកំពង់ស្ពឺ បាន​ធ្វើការ​ចុះ​អន្តរាគមន៍​បង្ក្រាប​និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីហិង្សាក្នុងគ្រួសារនិងគំរាមកំហែងថានឹងសម្លាប់​ ស្ថិតនៅក្នុងភូមិអំពិលក្តា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

តាមការរៀបរាប់របស់ជនរងគ្រោះដែលត្រូវជាម្តាយបង្កើត បានបញ្ជាក់ថាជនសង្ស័យឈ្មោះ ផុន ទីន​​ ត្រូវជាកូនបានធ្វើសកម្មភាពកាន់កាំបិតផ្គាក់ដេញកាប់រូបគាត់ ប៉ុន្តែគាត់រត់គេចទាន់ពេល តែបានបន្តទៅកាប់បំផ្លាញខ្សែរភ្លើងនៅក្នុងផ្ទះចោល គាត់បានបន្តរៀបរាប់ទៀតថាឲ្យតែនៅពេលស្រវឹងស្រាតែងតែកាន់កាំបិតផ្គាក់គំរាមកំហែង និងជេរប្រមាថម្តាយជាញឹកញាប់នាពេលកន្លងមក។ជាក់ស្តែង​នៅពេលកម្លាំងកងរាជអាវុធហត្ថចុះដល់ទីតាំងកន្លែងកើតហេតុ ឃើញថាជនសង្ស័យមានភាពកោងកាច ដៃកាន់កាំបិតផ្គាក់ស្រែកគំរាមកំហែង និងជេរប្រមាថ​ ទៅលើ​សមត្ថកិច្ច​ថែមទៀត​​​ មើលទៅពិតជាក្លាហានខ្លាំងណាស់។

ក្រោមវិធានជំនាញរបស់កម្លាំងកងរាជអាវុធហត្ថ​ ជនសង្ស័យ​ត្រូវ​បាន​បង្ក្រាប​និង​ឃាត់ខ្លួន​នៅនឹងកន្លែងកើតហេតុភ្លាមៗនិងចាប់យកវត្ថុតាងបានគឺកាំបិតផ្គាក់ចំនួន១ដើម​ ដែលជនសង្ស័យបានយកធ្វើសកម្មភាព។ជនសង្ស័យ​មានឈ្មោះ ផុន ទីន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអំពិលក្តា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕

To Top