ព័ត៌មានជាតិ

គណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញចុះស្វែងយល់វិស័យ ជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ក្នុងមុខងារតាមដានការអនុវត្តច្បាប់នៃព្រឹទ្ធសភា នីតិកាលទី៥ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ លោក យស ផានីត្តា ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹង រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោកប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ។

កិច្ចប្រជុំពិភាក្សាការងារខាងលើនេះ គឺបានប្រព្រឹត្ត ទៅនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

មានប្រសាសន៍ស្វាគមន៍ លោក យស ផានីត្តា ប្រធានគណៈកម្មការ បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ប្រកបដោយក្តីនឹករលឹកជាទីបំផុត។

លោកប្រធានគណៈកម្មកាព្រឹទ្ធសភាភូមិភាគ២ បានជម្រាបជូនអំពីគោលបំណងជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មក្នុងខេត្តត្បូងឃ្មុំនាពេលនេះ ដើម្បីប្រមូលបាននូវរាល់សំណូមពរ និងបញ្ហាប្រឈមនានា ដែលអាជ្ញាធរខេត្ត មន្ទីរជំនាញលើកឡើង គណៈកម្មការទី២ព្រឹទ្ធសភា នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ផ្តល់ជាយោបល់ទៅក្រសួង ស្ថាប័ន ដែលមានសមត្ថកិច្ចធ្វើការដោះស្រាយ។

ជាមួយគ្នានោះដែរ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមាន ប្រសាសន៍ស្វាគមន៍នូវវត្តមានរបស់គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភានាពេលនេះ គឺមានសារៈសំខាន់ណាស់ ដែលបានបង្ហាញ និងបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់គិតគូរអំពីផលប៉ះពាល់ និងបញ្ហាប្រឈមនានារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តច្បាប់ គោលនយោបាយ ពាក់ព័ន្ធការងារសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មដើម្បីធ្វើការសិក្សាស្វែងយល់។

លោកអភិបាលខេត្ត បានផ្តល់អនុសាសន៍ក្នុងការបំពេញបន្ថែមនូវភាពខ្វះចន្លោះ និងស្វែងរកដំណោះស្រាយសមស្របក្នុងការជួយសម្រួលដល់ការអនុវត្តការងារឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ លោកក៏បានជម្រាបជូនពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ និងការអភិវឌ្ឍរីកចម្រើន រួមទាំងបញ្ហាផ្សេងៗមួយចំនួនរបស់ខេត្តផងដែរ។

ជាការផ្តាំផ្ញើ លោក យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានណែនាំឱ្យអង្គភាពជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុក្ខដាក់ពងឹ្រងកិច្ចការងារបន្ថែមទៀត ជាពិសេសតាមដានលើរបាយការណ៍ការងារ ដែលបានដាក់ចេញឱ្យអនុវត្ត ដើម្បីធ្វើយ៉ាងណាឱ្យមានភាពរីកចម្រើន៕

ដោយ៖គង្គា/ត្បូងឃ្មុំ/ដើមអម្ពិល/

To Top