បណ្ដេញជនបរទេសជាង ១ពាន់នាក់ទៀត ចេញពីកម្ពុជា បន្ទាប់ពីប្រព្រឹត្តបទល្មើសនានា
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការបណ្ដេញជនបរទេសចំនួន ១,០៩០នាក់ទៀត ចេញពីប្រទេសកម្ពុជា បន្ទាប់ពីប្រព្រឹត្តបទល្មើសនានា នៅកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី ២១-២២ -២៣ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ១,០៩០នាក់ (ស្រី ១៣៥នាក់) ចេញពីប្រទេសកម្ពុជា។

ជនបរទេសទាំងនោះ មាន ១៧សញ្ជាតិ រួមមាន ចិន ឥណ្ឌា ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កេនយ៉ា ប្រេស៊ីល បង់ក្លាដេស នេប៉ាល់ ចិនតៃវ៉ាន់ លីបេរីយ៉ា កាមេរូន យ៉ូហ្គង់ដា សេរ៉ាឡេអូន ម៉ាឡេស៊ី ហ្គាណា នីហ្សេរីយ៉ា និងមីយ៉ាន់ម៉ា ត្រូវបានបណ្ដេញ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តហោះពិសេស ក្នុងនោះ ២សញ្ជាតិ មានជនជាតចិន ចំនួន ៤៩៤នាក់ ករណីឆបោកតាមប្រព័ន្ធអនឡាញ(Online Scams) និងជនជាតិមីយ៉ាន់ម៉ា ចំនួន ១៦៨នាក់ និងមួយចំនួនទៀត ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ជនបរទេសទាំងអស់នេះ ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការ ច្បាប់យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹង ប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្ម តាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការ លើកលែង នោះឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះ ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោត ឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕
