ការចុះអនុវត្តច្បាប់ចរាចរណ៍ នៅចំណុចភូមិវាំងខាងជើង ក្នុងស្រុកសន្ទុក ពុំមានការផាកពិន័យទេ
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានធ្វើការបំភ្លឺព័ត៌មានចំពោះការពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍ស្រុកសន្ទុក ចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅចំណុចភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំថា ការដាក់អនុវត្តនោះ ពុំមានការផាកពិន័យនោះទេ ។

ការបំភ្លឺនេះ ដោយសារកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានអ្នកសារព័ត៌មាន ផេកហ្វេសប៊ុកមួយចំនួន បានចុះផ្សាយខ្លឹមសារពាក់ព័ន្ធ មន្ត្រីនគរបាលចរាចរណ៍ស្រុក សន្ទុក ចុះរឹតបន្ដឹងច្បាប់ចរាចរណ៍ ស្ថិតនៅចំណុច ភូមិរាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបញ្ជាក់ថា កម្លាំងជំនាញសណ្តាប់ធ្នាប់ស្រុកសន្ទុក ពិតជាបានដាក់គោលដៅត្រួតពិនិត្យ ផ្សព្វផ្សាយ អប់រំ ពិតប្រាកដមែន តែពុំបានផាកពិន័យដល់អ្នកបើកបរមធ្យោបាយទាំងអស់នោះទេ គ្រាន់តែបានធ្វើការអប់រំ ណែនាំតែប៉ុណ្ណោះ ហើយក៏គ្មានគោលការណ៍ពីថ្នាក់ដឹកនាំឱ្យចុះរឹតបន្តឹង លើផ្លូវលំ (ផ្លូវដី) នោះដែរ ។

ដូចនេះ ស្នងការនគរបាលខេត្ត បានធ្វើការណែនាំបន្ថែម ដល់កម្លាំងជំនាញសណ្តាប់ធ្នាប់ ចំពោះការរឹតបន្ដឹងច្បាប់ចរាចរណ៍ ឱ្យអនុវត្តនៅតាម ផ្លូវកៅស៊ូ និងផ្លូវជាតិ តែប៉ុណ្ណោះ ៕
