អាជ្ញាធរមីន ៖ ការបោសសម្អាតមីន មានន័យថា «ការស្តារជីវភាពរស់នៅ»
ពោធិ៍សាត់ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ការបោសសម្អាតមីន មានន័យថា «ការស្តារជីវភាពរស់នៅ» ហើយការស្តារជីវភាពរស់នៅ មានន័យថា «ការការពារសេចក្តីថ្លៃថ្នូរ»។

ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការប្រារព្ធទិវាយល់ដឹងពីមីន មិនមែនត្រឹមតែជាថ្ងៃដែលរំលឹកឡើងវិញនោះទេ តែជាថ្ងៃដែលបង្ហាញជាថ្មីនូវទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តរបស់ជាតិ ហើយទិវាជាតិយល់ដឹងអំពីមីន ក៏ជាការផ្ញើសារដល់ប្រជាពលរដ្ឋគ្រប់រូបថា គ្រោះថ្នាក់នៅតែបន្តមាន ហើយការយល់ដឹងអំពីគ្រោះថ្នាក់ទាំងនោះ នឹងជួយសង្គ្រោះអាយុជីវិត។ ស្ថិតក្នុងបរិបទនេះ រាជរដ្ឋាភិបាល នៅតែបន្តចាត់ទុកសកម្មភាពមីន ជាសសរស្តម្ភនៃសន្តិភាព សន្តិសុខមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ។

លោក លី ធុជ ក៏បានគូសបញ្ជាក់ទៀតថា «ការបោសសម្អាតមីន មានន័យថាការស្តារជីវភាពរស់នៅ។ ការស្តារជីវភាពរស់នៅ មានន័យថាការការពារសេចក្តីថ្លៃថ្នូរ។ សកម្មភាពមីន មិនមែនត្រឹមតែជាការបោសសម្អាតមីននោះទេ តែត្រូវបន្តស្តារនីតិសម្បទា ធានាបរិយាបន្ន និងគាំទ្រដល់ការរស់នៅ និងការចូលរួមពេញលេញក្នុងសង្គមរបស់ជនរងគ្រោះ»។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ បណ្តាអង្គការជាតិនិងអន្តរជាតិ និងប្រតិបត្តិករសកម្មភាពមីន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលបាន និងកំពុងគាំទ្រយ៉ាងសកម្មដល់បេសកកម្មមនុស្សធម៌នេះ និងលើកកម្ពស់សុវត្ថិភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោក លី ធុជ បានចាត់ទុកការគាំទ្រនេះ បានប្រែក្លាយដីដែលធ្លាប់រងផលប៉ះពាល់ ទៅជាដីដែលពោពេញដោយឱកាស សម្រាប់ប្រជាជនកម្ពុជា។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន បន្តជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីឆ្ពោះទៅរកគោលដៅកម្ពុជាគ្មានមីន និងមានសុវត្ថិភាពពេញលេញ៕
