ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ បញ្ហាព្រំដែនកម្ពុជា-ថៃ ជាប្រធានបទក្តៅ ដែលអន្តរជាតិ កំពុងផ្តោតអារម្មណ៍ខ្លាំង

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា បញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទក្តៅមួយ ដែលសហគមន៍អន្តរជាតិ បាននិងកំពុងផ្តោតការចាប់អារម្មណ៍ខ្លាំង និងតាមដានយ៉ាងយកចិត្តទុកដាក់ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២៤ ខែកុម្ភៈ លោក ប៉ែន បូណា មានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកំពុងបំពេញបេសកកម្មការទូតយ៉ាងមមាញឹកនៅលើឆាកអន្តរជាតិ។

លោកបន្តថា ចប់ពីសហរដ្ឋអាម៉េរិក សម្តេចប្រមុខរាជរដ្ឋាភិបាល បានអញ្ជើញដល់ទ្វីបអឺរ៉ុប និងកំពុងមមាញឹក ក្នុងការជួបពិភាក្សាការងារ ជាមួយមន្ត្រីជាន់ខ្ពស់នៃស្ថាប័នកំពូលអន្តរជាតិ ដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងអនុប្រធានកាកបាទក្រហមអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាមាន ដូចជា ប្រធានាធិបតីទីម័រឡេស្តេ ជាដើម ។

លោកបញ្ជាក់ថា “គោលបំណង នៃជំនួបទាំងនោះ គឺប្រាកដណាស់ថា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីបញ្ហាសំខាន់ៗ ដែលថ្នាក់តំបន់ និងអន្តរជាតិ កំពុងប្រឈមមុខ ខណៈដែលបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទក្តៅមួយ ដែលសហគមន៍អន្តរជាតិ បាននិងកំពុងផ្តោតការចាប់អារម្មណ៍ខ្លាំង និងតាមដានយ៉ាងយកចិត្តទុកដាក់” ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្ថែមថា នៅទីក្រុងវ៉ាស៊ីនតោន សម្តេចធិបតី បានជម្រាបទៅដៃគូសន្ទនា អំពីស្ថានការណ៍ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា និងបានអំពាវនាវ ឱ្យមានការអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ ការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែងវិញ និងរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬមិនប្រើកម្លាំង ៕

To Top