ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ សកម្មភាពការទូត ក្នុងស្រុកតវ៉ា ចំពោះសកម្មភាពបំពាន របស់ថៃក៏មមាញឹក

ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានថ្លែងថា ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងបំពេញបេសកកម្មការទូត យ៉ាងមមាញឹកនៅលើឆាកអន្តរជាតិ អំពីបញ្ហាព្រំដែនកម្ពុជា-ថៃនោះ សកម្មភាពការទូត ក្នុងស្រុកវិញ ក៏បាននិងកំពុងប្រព្រឹត្តទៅ យ៉ាងសកម្មមមាញឹកដូចគ្នាផងដែរ។

សកម្មភាពការទូតក្នុងប្រទេស ដែលកំពុងប្រព្រឹត្តទៅយ៉ាងសកម្មមមាញឹកនោះ ត្រូវបានលោក ប៉ែន បូណា ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកុម្ភៈ ថ្លែងថា តាមរយៈលោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និងតំណាងទីភ្នាក់ងារ អង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យទីតាំងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជាដែលកងទ័ពថៃ បានឈ្លានពានកាន់កាប់ដោយអាវុធ ហើយបន្តដាក់ពង្រាយទូកុងទីន័រ និងបន្លាលួសបិទផ្លូវរារាំងប្រជាពលរដ្ឋ មិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ។

លោកថា នេះមិនមែនជាលើកដំបូងទេ ដែលសកម្មភាពការទូត បែបនេះ ត្រូវបានរៀបចំឡើង ប៉ុន្តែគឺជាការបន្តធ្វើជាប្រចាំយ៉ាងសកម្ម និងឥតឈប់ឈរ ក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារប្រជាពលរដ្ឋ ដែលរងការរំលោភបំពាន។ ក្រៅពីនោះ ក្រសួងការបរទេស ក៏តែងតែធ្វើបទបង្ហាញ ជូនប្រធាន និងតំណាងនៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិ អំពីបច្ចុប្បន្នភាពនៃការវិវត្តន៍ ស្ថានការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោកបន្ថែមថា ចំណែកស្ថានតំណាងកម្ពុជា នៅក្រៅប្រទេស ក៏បានធ្វើចលនាការទូតយ៉ាងសកម្ម ដើម្បីឱ្យបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ បានយល់ពីការពិតនិងពីជំហរដ៏ត្រឹមត្រូវរបស់កម្ពុជា ដែលទាមទារចង់បានដំណោះស្រាយដោយសន្តិវិធី តាមគោលការណ៍ច្បាប់អន្តរជាតិ។
ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា “ការងារការទូតយ៉ាងសកម្មទាំងក្នុងនិងក្រៅប្រទេសបែបនេះបានបង្ហាញឱ្យឃើញថា ឆន្ទៈនិងការប្តេជ្ញាចិត្តយ៉ាងមោះមុត របស់រាជរដ្ឋាភិបាល ដើម្បីការពារបូរណភាពទឹកដី និង ប្រជាពលរដ្ឋ បាននិងកំពុងបង្ហាញ សកម្មភាពជាក់ស្តែង ឱ្យប្រជាពលរដ្ឋបានឃើញគ្រប់ៗគ្នា។ ហើយប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបានសាទរ និងគាំទ្រ សកម្មភាពទាំងនេះយ៉ាងខ្លាំង” ។

សូមបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលកងទ័ពថៃបានបើកការវាយប្រហារបំពានលើកម្ពុជាមក ទាំងថ្នាក់ដឹកនាំកំពូល និងថ្នាក់ដឹកនាំក្រសួងនិងស្ថាប័ននានារហូតដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក៏ដូចជាការយកចិត្តទុកដាក់ជួយ ប្រជាពលរដ្ឋភៀសសឹក ៕

To Top